ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានអនុវត្តសកម្មភាពបង្ក្រាបករណីប្លន់ និងជួញដូរសារធាតុញៀន ដោយបានទទួលលទ្ធផលជោគជ័យ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង។

ករណីប្លន់កើតឡើងនៅម៉ោងប្រហែល ១និង៤២នាទី ព្រឹក នៅលើផ្លូវជាតិលេខ២២ តំបន់ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។ កម្លាំងស៊ើបអង្កេតបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ អាយុពី ១៤ ដល់ ១៦ឆ្នាំ និងចាប់យកម៉ូតូម៉ាកហុងដាឌ្រីមចំនួន៣គ្រឿងជាវត្ថុតាង។

បន្ទាប់មក កម្លាំងនគរបាលបន្តសកម្មភាពបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀននៅផ្ទះស្នាក់របស់ស្រ៊ុន គឹមស្រៀង ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ លទ្ធផលបានឃាត់ខ្លួនជនសង្ស័យបន្ថែម៨នាក់ និងរកឃើញវត្ថុតាងមេតំហ្វេតាមីន (ICE) ទំងន់សរុប ១៥៦.៧២ក្រាម ព្រមទាំងឧបករណ៍ប្រើប្រាស់ជាច្រើន។

ក្រសួងមហាផ្ទៃ និងនគរបាលខេត្តស្ទឹងត្រែង បន្តអំពាវនាវឲ្យប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មាន ដើម្បីបង្ក្រាបសកម្មភាពល្មើសគ្រឿងញៀន និងការលួចប្លន់ឲ្យអស់សព្វហេតុ ក្នុងគោលបំណងថែរក្សាសន្តិសុខសង្គមឲ្យមានសុខដុមរមនា។

អត្ថបទ៖ កណ្តាល

Share.