ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពីការពិនិត្យលើការអនុវត្តការងាររបស់នាយកដ្ឋាន/ស្ថានីយ ធៀបនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃនេះ គឺដើម្បីធានាថាការងារជំនាញនានាអនុវត្តបានស្របតាម៖
- យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។
- ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ២០២៣-២០២៧។
- យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងរដ្ឋបាលដែនដី និងសន្តិសុខជាតិ ឆ្នាំ២០២៤-២០២៨។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
- ស្វែងរកបញ្ហាប្រឈម ចំណុចខ្សោយ និងខ្លាំង ក្នុងការអនុវត្តការងារ។
- ជំរុញឱ្យដោះស្រាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព។
- បន្តអនុវត្តកិច្ចការងារឱ្យមានភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមអគ្គនាយក ក៏បានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីជំនាញទាំងអស់ សម្រាប់ការរៀបចំធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលកន្លងមក។ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានរួមគ្នាពិភាក្សាយ៉ាងផុសផុល ដើម្បីផ្តល់ធាតុចូលសំខាន់ៗ ក្នុងការបង្កើតគន្លឹះល្អៗសម្រាប់អនុវត្តការងារជំនាញរបស់អគ្គនាយកដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំទាំងអស់ ត្រូវតែ៖
- ពន្លឿននូវការរៀបចំធ្វើបច្ចុប្បន្នភាព ធៀបនឹងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ទៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែល្អប្រសើរ។
- រួមគ្នាត្រួតពិនិត្យ លើតារាងសូចនាករ និងចំណុចដៅប្រចាំឆ្នាំ ពាក់កណ្តាលអាណត្តិ និងចុងបញ្ចប់ នៃការអនុវត្តផែនការយុទ្ធសាស្ត្រក្រសួងមហាផ្ទៃ។
ការជំរុញនេះ គឺសំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាពការងារ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជាច្រើនរូបទៀតផងដែរ៕





ប្រភព៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
