រតនគិរី៖ កាកបាទក្រហមកម្ពុជា ដឹកនាំដោយអ្នកម្ដាយមនុស្សធម៌ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះចំនួន ៨៥០ គ្រួសារ ដែលរួមមាន ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន ជនពិការ គ្រួសារក្រីក្រ យោធិនពិការដោយសារសង្គ្រាម និងអ្នកផ្ទុកមេរោគអេដស៍។


អំណោយនីមួយៗរួមមាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប និងឃីត (មុង ភួយ សារុង ក្រមា) ១ កញ្ចប់ ដែលមានគោលបំណងជួយបន្ធូរបន្ថយការលំបាកជីវភាព និងផ្លូវចិត្តរបស់គ្រួសារទាំងនេះ។


ក្នុងឱកាសនោះ លោកតំណាងកាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាអនាម័យ និងសុខភាពប្រចាំថ្ងៃ សម្អាតបរិស្ថានឱ្យស្អាត បង្ការសត្វអាសិរពិសនានា និងខិតខំដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនគុណភាពជីវិត។ ក៏ដោយ លោកបានបញ្ជាក់ថា កាលពីថ្មីៗនេះ ខេត្តរតនគិរីបានជួបគ្រោះទឹកជំនន់រហ័ស បណ្ដាលឱ្យស្លាប់មនុស្សចំនួន ៥ នាក់ ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភ។


ក្រោយបញ្ចប់កម្មវិធីចែកអំណោយនៅខេត្តរតនគិរី ក្រុមការងារពីទីស្នាក់ការកណ្តាលនៃកាកបាទក្រហមកម្ពុជា នឹងបន្តដំណើរចុះសំណេះសំណាល និងចែកអំណោយជូនប្រជាជនងាយរងគ្រោះចំនួន ៩៣៣ គ្រួសារផ្សេងទៀត នៅខេត្តមណ្ឌលគិរី ក្នុងថ្ងៃទី ១១ និង ១២ ខែវិច្ឆិកា ខាងមុខនេះ៕

Share.