ក្រសួងការពារជាតិកម្ពុជា អំពាវនាវយ៉ាងទទូចឲ្យ ភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ៗទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។


ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុ នៃការផ្ទុះគ្រាប់មីនដែលបណ្ដាលឱ្យទាហានថៃចំនួន៣នាក់រងរបួស កាលពីថ្ងៃទី ១០ វិច្ឆិកា ម្សិលមិញ នៅម្ដុំភ្នំទ្រព្យក្បែរប្រាសាទព្រះវិហារ។ បើតាមក្រសួងការពារជាតិកម្ពុជា ឧបទ្ទវហេតុនេះកើតឡើង នៅពេលទាហានថៃ ដើរល្បាតចូលតំបន់ចម្ការមីនចាស់ ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា។
អ្នកនាំពាក្យកងទ័ពថៃ បានប្រកាសប្រាប់សារព័ត៌មានក្នុងស្រុកថៃថា បន្ទាប់ពីឧបទ្ទវហេតុផ្ទុះមីននេះ ក្រុមអ្នកស៊ើបអង្កេតថៃបានរកឃើញមីនប្រភេទ PMN 2 ដែលទើបដាក់ថ្មីៗផ្សេងទៀត នៅក្បែរកន្លែងកើតហេតុ។ ហើយបានចោទមកលើកងទ័ពកម្ពុជាថា ជាអ្នកដាក់មីនទាំងនោះ។
ទោះជាយ៉ាងណា ក្រសួងការពារជាតិ កម្ពុជាបានទាត់ចោល នូវការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ចាប់តាំងពីក្លាយជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់បន្ថែមដូច្នេះ។
ឧបទ្ទវហេតុជាន់មីនលើកនេះ គឺករណីទី៧ហើយ បើគិតចាប់តាំងពីខែ កក្កដា មក ដែលបណ្ដាលឲ្យទាហានថៃ យ៉ាងហោច ១៥ នាក់រងរបួស ក្នុងចំណោមនោះ៧នាក់ពិការជើង។ ដោយរក្សារបៀបវារៈដដែល, ក្រោយឧបទ្ទវហេតុផ្ទុះមីនលើកនេះ នាយករដ្ឋមន្ត្រី និងកងទ័ពថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតទាំងស្រុង។ ជាមួយគ្នានេះ គម្រោងដោះលែងយោធាខ្មែរទាំង១៨នាក់ ដែលរដ្ឋាភិបាលកម្ពុជាចោទថា ថៃចាប់ឃុំខ្លួនដោយខុសច្បាប់ នោះក៏ត្រូវផ្អាកដែរ។
ករណីផ្អាកដោះលែងយោធាខ្មែរ ដែលកំពុងជាប់ឃុំ គឺជារឿងច្រំដែលទៅហើយ ប៉ុន្តែផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ដែលវាអាចនាំឲ្យផ្ទុះអាវុធដាក់គ្នាសារជាថ្មី។
ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ រដ្ឋាភិបាលថៃ ដែលបានប្រកាសផ្អាកការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
គិតត្រឹមថ្ងៃទី ១១ ខែវិច្ឆិកានេះ គេមិនទាន់ឃើញមានប្រតិកម្មណាមួយពីស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងសាក្សីនៅឡើយទេ។
បើតាមអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា រដ្ឋាភិបាលថៃ បានដើរដល់ផ្លូវទាល់ច្រកខាងផ្នែកការទូត និងច្បាប់អន្តរជាតិ ដូច្នេះថៃក៏ងាកទៅប្រើរបៀបវារៈ (Scenario) ចាស់ គឺ ឧបទ្ទវហេតុជាន់មីន ដើម្បីព្យួរកិច្ចព្រមព្រៀងសន្តិភាព ហើយឈានទៅបង្កហេតុផ្ទុះអាវុធសារជាថ្មី ខណៈដែលកម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀង ដោយបានកែសម្រួលអាវុធធន់ធ្ងន់មួយចំនួនរួចរាល់កាលពីពេលកន្លងទៅ។ ដូច្នេះកម្ពុជាត្រូវត្រៀមខ្លួនសម្រាប់ស្ថានការណ៍ ដែលអាចមានការប្រែប្រួលជាយថាហេតុ។
បើចាំមិនភ្លេចទេ កាលពីអំឡុងខែសីហា កន្លងទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្លាប់លើកឡើងថា ម៉ាឡេស៊ី បានប្រើប្រព័ន្ធតារារណបដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ទន្ទឹមនោះ កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាមដានពីចម្ងាយថែមទៀតផងដែរ។
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ីទទួលបានសិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ ដោយមានរដ្ឋមន្ត្រី Chang Li Kang ទទួលបន្ទុកលើការសម្របសម្រួលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ លើការឃ្លាំមើលការងារនេះថែមទៀតផង។ ក្រៅពីនោះ ក៏មានអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ចុះត្រួតពិនិត្យទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវដាក់ទីស្នាក់ការនៅក្នុងទីរួមខេត្តព្រះវិហារផងដែរ៕

