កំពង់ធំ÷ ក្រសួងមហាផ្ទៃតាមរយៈនាយកដ្ឋានស្ថាបនា និងវិស្វកម្ម បានផ្តល់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីចំនួន ១២ ខ្នង ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់សម្រាប់បម្រើសេវារដ្ឋបាល និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អគារថ្មីទាំងនេះស្ថិតនៅក្នុងតំបន់អធិការដ្ឋានក្រុង និងស្រុកចំនួន ៧ រួមមាន៖ ស្រុកបារាយណ៍ (ប៉ុស្តិ៍ឈូកខ្សាច់) ស្រុកសន្ទុក (ប៉ុស្តិ៍បឹងល្វា) ក្រុងស្ទឹងសែន (ប៉ុស្តិ៍កំពង់រទេះ និងដំរីជាន់ខ្លា) ស្រុកប្រាសាទបល្ល័ង្ក (ប៉ុស្តិ៍ក្រយា, ផាន់ញើម និងទួលគ្រើល) ស្រុកកំពង់ស្វាយ (ប៉ុស្តិ៍នីពេជ្រ) ស្រុកស្ទោង (ប៉ុស្តិ៍ម្សាក្រង, បន្ទាយស្ទោង និងទ្រា) ស្រុកសណ្ដាន់ (ប៉ុស្តិ៍សណ្ដាន់)។ ការផ្តល់អគារថ្មីនេះមានគោលបំណងជួយអភិវឌ្ឍការងារនគរបាលក្នុងមូលដ្ឋាន ឲ្យមានសមត្ថភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ងាយស្រួល និងមានប្រសិទ្ធភាពកាន់តែប្រសើរ។

ជាមួយនេះ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងនគរបាលត្រូវបន្តពង្រឹងវិន័យ ការគ្រប់គ្រង និងសាមគ្គីភាពផ្ទៃក្នុង បើកទ្វារបម្រើសេវា ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីទទួល និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ស្នងការដ្ឋាននគរបាលខេត្ត ក៏បានណែនាំឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគម្រោង “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងការងារចលនាប្រជាការពារ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ កំពង់ធំ

Share.