យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Amarin បានផ្សាយថា កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍បុរសម្នាក់វាយសម្លាប់សមាជិកគ្រួសារ រួចរត់ទៅចងក បញ្ចប់ជីវិតតាមក្រោយ នៅក្នុងស្រុក Sriracha ខេត្ត Chonburi ប្រទេសថៃ។

ប៉ូលីសក្នុងតំបន់បាននិយាយថា ដំបូងឡើយពួកគេបានទទួលការហៅទូរស័ព្ទសុំជំនួយពីសាច់ញាតិជនរងគ្រោះឱ្យជួយទៅល្បាត និងត្រួតពិនិត្យនៅផ្ទះកើតហេតុ បន្ទាប់ពីសាច់ញាតិមិនអាចទាក់ទងបាន។ ប៉ុន្ដែពេលទៅដល់ផ្ទះកើតហេតុ ឃើញផ្ទះបិទទ្វារជិត ហើយឃើញមានតែឡានដឹកមឹកលក់ឈប់ចតនៅមុខផ្ទះ ក៏បាននាំគ្នាចុះទៅសួរនាំអ្នកជិតខាង ទើបដឹងថា ផ្ទះនេះមានសមាជិករស់នៅ ៥នាក់ ក្នុងរយៈពេល២ទៅ៣ថ្ងៃមកនេះ មិនបានឃើញសមាជិកណាម្នាក់បានចេញពីផ្ទះនេះទាល់តែសោះ។

ក្រោយសង្ស័យប៉ូលីសបានដើរល្បាតជុំវិញផ្ទះ ធំក្លិនស្អុយចេញពីក្នុងផ្ទះ ទើបសម្រេចចិត្តលបមើលតាមបង្អួច ក៏បានឃើញមានមនុស្សដេកស្លាប់ក្នុងផ្ទះ ទើបទាក់ទងទៅសាច់ញាតិសព ដើម្បីគាស់ទ្វារផ្ទះពិនិត្យស្រាវជ្រាវតែម្ដង។ ពេលចូលទៅខាងក្នុង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញសាកសពម្នាក់ទៀតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ហើយពេលបើកទ្វារបន្ទប់គេងមួយទៀតក៏បានឃើញសាកសព ២នាក់ទៀត សង្ស័យជាកូនស្រី និងចៅស្រីដេកស្លាប់នៅក្នុងបន្ទប់គេង។ ចំណែកឯបន្ទប់គេងមួយទៀត គេក៏បានឃើញសាកសពភរិយារបស់លោកតាអ្នកលក់មឹក។ ជនរងគ្រោះម្នាក់ៗត្រូវបានវាយធ្វើបាបដោយវត្ថុរឹងមួយ គឺ អង្រែថ្ម ដោយវាយនៅត្រង់បរិវេណក្បាលទាំងអស់គ្នា។

បើតាមការឱ្យដឹងពីប៉ូលីស ឃាតករ មានអាយុ ៦២ឆ្នាំ ជាអ្នកលក់មឹក បានប្រើអង្រែថ្ម វាយសម្លាប់សមាជិកគ្រួសារចំនួន៥នាក់ ក្នុងចំណោមអ្នកស្លាប់មានម្ដាយក្មេក អាយុ ៨២ឆ្នាំ, ប្រពន្ធ អាយុ ៦០ឆ្នាំ, កូនស្រី អាយុ ២១ឆ្នាំ, ចៅស្រី អាយុ ១ឆ្នាំ និងចុងក្រោយឃាតកររូបនេះ បានរត់ទៅចងក ក្នុងបន្ទប់ទឹកស្លាប់តាមក្រោយ។



តាមការសន្និដ្ឋានបឋម គេសង្ស័យថា លោកតា ជាឃាតករ មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារលក់មឹកមិនដាច់ ជួបប្រទះបញ្ហាហរិញ្ញវត្ថុ កើតជាកំហឹងយកអង្រែវាយសម្លាប់សមាជិកគ្រួសារទាំងអស់ រួចសម្រេចចិត្តចងក បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ សម្រាប់ករណីស្លាប់នេះដែរ អាចកើតឡើងមុនថ្ងៃរកឃើញសព រយៈពេល ២-៣ថ្ងៃមកហើយ ។
យ៉ាងណា គេមិនទាន់ច្បាស់ឡើយថា តើហេតុផលដែលជំរុញឱ្យបុរសម្នាក់នេះសម្លាប់សមាជិកគ្រួសារ គឺបណ្តាលមកពីគ្មានប្រាក់សងបំណុលគេ ដោយសារតែគ្មានចំណូលពីការលក់ដូរ ព្រោះតែការបិទព្រំដែនឬក៏យ៉ាងណា គ្រាន់តែគេដឹងថា មុនកើតហេតុឃាតករ បានធ្វើដំណើរមកខេត្ត ស្រះកែវ ជាប់ព្រំដែនកម្ពុជា៕

