ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញនេះ បាន​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​មនុស្ស​ចំនួន ៤ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​សាធារណៈ ក្លែងប្រើប្រាស់​ឯកសារ និង​រំលោភ​លើ​លំនៅឋាន។

ជន​ដែល​ត្រូវ​​ឃុំខ្លួន​រួមមាន ៖ ទី១. ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ ២៤ ឆ្នាំ ។ ទី២.ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ ៣៣ ឆ្នាំ។ ទី៣. ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ ៤៣ ឆ្នាំនិងទី៤ ឈ្មោះ
សឿន ណាក់ ភេទប្រុស អាយុ ៣៧ ឆ្នាំ។ អ្នកទាំង៤ ត្រូវបានតុលាការ​បាន​សម្រេច​ដាក់ឃុំខ្លួនជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ម១ និង​ពន្ធនាគារ​ព្រៃស ម២ ពី​បទ ក្លែង​ឯកសារ​សាធារណៈ ក្លែង និង​ប្រើប្រាស់​ឯកសារ​ក្លែង សមគំនិត និង​រំលោភ​លើ​លំនៅឋាន ដែលជាបទល្មើសមានចែងក្នុងមាត្រា ២៨, ២៩, ២៩៩, ៦២៩ និង ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ទទួល​ពាក្យបណ្តឹង​ពី​លោក ឯក រិទ្ធីវណ្ណ ដែល​ឲ្យដឹងថា មាន​ជនមិន​ស្គាល់អត្តសញ្ញាណ​មួយ​ក្រុម បាន​កាត់​សោ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់ខ្លួន ស្ថិត​នៅ​បុរី​ម៉ន ដានី គម្រោង ២០ ផ្ទះ​លេខ ៣៨ ផ្លូវលេខ ០២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានី​ភ្នំពេញ។

បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អញ្ជើញ​មនុស្ស​ចំនួន ៤ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ មកធ្វើការ​សាកសួរ។

ក្នុងអំឡុងសាកសួរ ជនសង្ស័យ​ទាំង ៤ នាក់ បាន​សារភាព​ប្រហាក់ប្រហែលគ្នា​ថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ក្លែង​ឯកសារ​ផ្ទះ​លេខ ៣៨ ផ្លូវលេខ ២ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ដើម្បី​តប្រព័ន្ធ​ទឹកភ្លើង និង​បាន​ឲ្យ​បក្ខពួក​ចូល​ស្នាក់​នៅ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងបន្ត​ស៊ើបអង្កេត​បន្ថែម ដើម្បី​រក​មូលហេតុ និង​ពាក់ព័ន្ធ​ផ្សេងទៀត៕

អត្ថបទ៖ ចតុម្មុខ

Share.