អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ឡើងថា អ៊ីរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសន្តិភាពជាមួយសហរដ្ឋអាមេរិក ប៉ុន្តែផែនការនេះអាចនឹងមិនបង្កឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសខ្លួនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាពេលថ្មីៗនេះ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh (សាយីដ ខាទីបហ្សាដេ) បានថ្លែងនៅថ្ងៃអង្គារ៍ម្សិលមិញនេះថា ប្រទេសអ៊ីរ៉ង់នៅតែមានបំណងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយសន្តិភាពជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះសង្គ្រាមដែលអូសបន្លាយជាច្រើនទសវត្សរ៍។

ថ្លែងនៅក្នុងកិច្ចពិភាក្សាយុទ្ធសាស្ត្រមួយនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) លោក ខាទីបហ្សាដេ បានសង្កត់ធ្ងន់ថា គោលបំណងរបស់អ៊ីរ៉ង់គឺ ច្បាស់លាស់ក្នុងការចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែពួកគេក៏មិនអាចនឹងលះបង់សន្តិសុខជាតិរបស់ខ្លួនជាដាច់ខាត។

បន្ថែមពីនេះ លោក ខាទីបហ្សាដេ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនដែលជាគូសត្រូវបានផ្ញើសារផ្ទុយគ្នាអំពីការចរចានុយក្លេអ៊ែរទៅកាន់ទីក្រុងតេហេរ៉ង់តាមរយៈបណ្តាប្រទេសទីបី។ ការថ្លែងបែបនេះកើតឡើងបន្ទាប់ពីកិច្ចពិភាក្សានុយក្លេអ៊ែរចំនួន ៥ ជុំ ត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ មុនពេលមានសង្រ្គាមរយៈពេល ១២ ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នៅអំឡុងខែមិថុនា។

គួររំលឹកផងដែរថា សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល តែងតែចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងព្យាយាមប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាការបិទបាំង ដើម្បីអភិវឌ្ឍសមត្ថភាពផលិតអាវុធ។ ប៉ុន្តែអ៊ីរ៉ង់តែងតែច្រានចោលការចោទប្រកាន់ទាំងនោះ ដោយឆ្លើយតបវិញថាវាកម្មវិធីរបស់ខ្លួនដែលមានសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ធ្លាប់បានថ្លែងកាលពីខែតុលាថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាព នៅពេលដែលអ៊ីរ៉ង់ក៏ត្រូវត្រៀមខ្លួនដូចគ្នាដែរក្នុងការបោះដៃមិត្តភាព និងកិច្ចសហប្រតិបត្តិការបើកចំហ៕

Share.