តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន Amarin TV បានឱ្យដឹងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា រោងចក្រផលិត និងកែច្នៃសំបកកង់រថយន្តមួយកន្លែងក្នុងស្រុកបាងផ្លា ខេត្តសាមុតប្រាកាន ប្រទេសថៃ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងភាយផ្សែងខ្មៅទៅលើអាកាសដែលសុទ្ធសឹងតែជាសាធាតុគីមីពុល។

មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៥ ព្រឹក ដោយអណ្តាតភ្លើង និងផ្សែងខ្មៅក្រាស់បានបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅក្បែរតំបន់រោងចក្រមួយនោះ។ ដើមហេតុ ភ្លើងបានឆាបឆេះចេញពីឃ្លាំងផ្ទុកសំបកកង់រថយន្តចាស់ៗដែលមានផ្ទៃដីទំហំ ៥ រ៉ៃ ប្រហែលកន្លះហិតា និងត្រូវបានហ៊ុមព័ទ្ធដោយរបង។ ក្រៅពីសំបកកង់រថយន្តសម្រាប់កែច្នៃហើយនោះ វត្ថុងាយឆេះដែលមានផ្ទុកនៅក្នុងឃ្លាំងរោងចក្រមានដូចជា ឥន្ធនៈ ជ័រអេតចាយ ជាដើម។

មន្ត្រីពន្លត់អគ្គិភ័យនៅក្នុងស្រុកបាងផ្លាបានបញ្ជាក់បន្ថែមថា គិតត្រឹមម៉ោង ៧ និង២០នាទី ព្រឹកថ្ងៃដដែលនេះ ស្ថានភាពអគ្គីភ័យនៅតែមិនអាចគ្រប់គ្រងបាននៅឡើយទេ បើទោះបីជាពួកគេបានប្រើប្រាស់សាធាតុគីមីមួយចំនួនក្នុងការពន្លត់ភ្លើងក៏ដោយ៕

