សៀមរាប ៖ សត្វក្រពើចំនួន៣០ក្បាល បានរួចចេញពីទ្រុងបង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋព្រួយបារម្ភពីសុវត្តិភាព ម្ចាស់កសិដ្ឋានតាមស្វែងរកចាប់បាន២៦ក្បាល មកដល់រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ នេះ ប្រទះឃើញសត្វក្រពើ ច្រើនក្បាល នៅតាមប្រឡាយ តាមវាល ផ្អើលអស់អ្នកស្រុក ទើបដឹងថារួចចេញទៅទ្រុង កសិដ្ឋានចិញ្ចឹមក្រពើ ។

តាមអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់កសិដ្ឋាន ឈ្មោះឈឿង សុីម៉ាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ចិញ្ចឹមក្រពើសរុបចំនួន៧៣ក្បាល ហើយនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ហ្វូងសត្វក្រពើខាំហែកសន្ទះក្តាទ្រុង ហើយចេញពីអាង រហូតដល់ព្រឹកភ្លើងទើបម្ចាស់ដឹង ផ្អើលឆោឡោ តាមស្វែងរកចាប់ ។

ការតាមចាប់សត្វក្រពើបានចំនួន២៦ក្បាល គិដល់ដល់រសៀលថ្ងៃដដែលនេះ នៅសល់៤ក្បាលទៀត ម្ចាស់ និងប្រជាពលរដ្ឋ តាមស្វែងរក តាមប្រឡាយ អូរ ខណៈដែលទឹកជន់ហូរមកពីស្រុកវ៉ារិន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.