យោងតាមការឱ្យដឹងពីលោកជំទាវ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានយោធាថៃ បាញ់ប្រហារឱ្យរងរបួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញ។

ក្រោយការអញ្ជើញដល់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅមន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី នាព្រឹកម៉ោង ៧:៥៨នាទីនេះ ក្រុមគ្រូពេទ្យ បាននឹងកំពុងបញ្ជូនជនស៊ិវិលរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ចេញទៅបន្ដការព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។

សូមរម្លឹកផងដែរថា កាលពីវេលាម៉ោងប្រមាណ ៣:៥០នាទីរសៀល ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលម៉ិញនេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យជនស៊ីវិលកម្ពុជា រងរបួស៣នាក់ និងបាត់បង់ជីវិតនៅនឹងកន្លែងម្នាក់។ យោធាថៃ បានបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជា ចំនួន២លើក ៖ លើកទី១ នៅវេលាម៉ោង ១៥:៥០នាទី និងលើកទី២ នៅវេលាម៉ោង ១៧:៥៤នាទីល្ងាច៕

Share.