យោងតាមកាសែត The Nation បានចេញផ្សាយនាថ្ងៃទី១៣ ខែវិច្ឆិកា នេះថា ប៉ូលីសក្រុងបាងកកបានសម្រេចបិទផ្លូវ Ratchadaphisek បន្ទាប់ពីទឹកជំនន់បានហក់ឡើងខ្ពស់ភ្លាមៗ បណ្ដាលឱ្យហូរជន់លិចផ្លូវយ៉ាងគំហុក ដែលជំរុញឱ្យអ្នកដំណើរ ឬ រស់នៅទីនោះត្រូវប្រញាប់រើកញ្ជើចាកចេញពីតំបន់រងផលប៉ះពាល់ជាបន្ទាន់ ដោយសារកម្រិតទឹកឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់។


នាព្រឹកនេះ ទឹកជំនន់ដែលបណ្ដាលមកពីការបាក់ទំនប់ទន្លេចៅប្រាយ៉ា បានពន្លិចផ្លូវសំខាន់ៗមួយចំនួនក្នុងទីក្រុងបាងកកហើយ គឺដូចទៅនឹងការព្យាករណ៍កាលពីប៉ុន្មានថ្ងៃមុនដែលថា ទឹកជំនន់នឹងហូរចូលដល់រាជធានីដែលជាបេះដូងនៃប្រទេសថៃនេះ ខណៈលូររំដោះទឹកនានានៅក្នុងទីក្រុងបាងកកក៏មិនអាចទប់ទល់បានដែរ ។






បើតាមនាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា អាកាសធាតុនៅទូទាំងប្រទេសថៃនឹងមានភ្លៀង ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា នេះតទៅ ដោយរំពឹងថា នឹងមានខ្យល់បក់ខ្លាំង ចំណែករលកសមុទ្រមានកម្ពស់ខ្ពស់ ដែលអាចនឹងកាន់តែបង្កហានិភ័យខ្ពស់បន្ថែម ព្រោះទឹកជំនន់ចាស់នៅមិនទាន់ស្រក ព្យុះភ្លៀង នាំទឹកជំនន់ថ្មីចូលមកដល់។

សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ យោងតាមនាយកដ្ឋានធារាសាស្រ្តបានរាយការណ៍ថា ទំនប់សំខាន់ៗចំនួន៤ គឺ៖ ទំនប់ទឹក Bhumibol , Sirikit , Pa Sak Jolasid និងទំនប់ Khwae Noi បានស្ដុកទឹកជិតហួសកម្រិត បង្ខំឱ្យរំដោះទឹកកម្រិតខ្ពស់ចេញ ចៀសវាងបាក់ឬធ្លាយទំនប់ទឹក ដែលកាន់តែមានគ្រោះថ្នាក់ខ្ពស់ជាងមុន។ នេះគឺមូលហេតុចំបងធ្វើឱ្យទំនប់ទន្លេចៅប្រាយ៉ា មិនអាចទ្រាំទប់ទល់នឹងកម្ពស់ទឹកបាន ហើយធ្វើឱ្យក្រុងបាងកក និងខេត្តថៃចំនួន ៧ទៀត ប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ៕
ចុចអាន៖ ទឹកជំនន់ពីភាគខាងជើងរំពឹងថា នឹងហូរហៀរចូលលិចដល់រាជធានីបាងកក នៅចន្លោះ២ទៅ៣ថ្ងៃខាងមុខ…

