ល្ខោនដែលថៃរៀបចំឈុតឆាកសម្ដែង ក្នុងគោលបំណងចោទប្រកាន់មកលើកម្ពុជា ទំនងជារៀបសេណារីយ៉ូខុស ឬដូចពាក្យចាស់លោកថា មនុស្សកុហករមែងចាញ់អាត្មា ព្រោះអីកងទ័ពថៃ នៅរសៀលថ្ងៃពុធក្រោយបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរហើយ បែរជាចេញមកបដិសេធជាជំហានដំបូងថាខ្លួនបានបាញ់ ឬបង្កហេតុធ្វើឱ្យមានជនស៊ីវិល ឬពលរដ្ឋកម្ពុជារងរបួសនោះទេ។

ការចេញមកបដិសេធពីសំណាក់កងទ័ពថៃនេះ គឺធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នរបស់កម្ពុជាបានចេញរបាយការណ៍ស្ដីពីអំពើបង្កហេតុរបស់ភាគីថៃ ដែលបណ្ដាលឱ្យជនស៊ីវិលកម្ពុជារងរបួស៥នាក់ ក្នុងចេតនា ចង់ញុះញង់ឱ្យកម្ពុជាផ្ទុះអាវុធ។

មិនត្រឹមតែបដិសេធទង្វើកំសាកហ៊ានធ្វើមិនហ៊ានទទួលរបស់ខ្លួនប៉ុណ្ណោះទេ តែកងទ័ពថៃ ថែមទាំងដើរតាមលើផែនការចាស់នោះគឺ ការចោទប្រកាន់មកលើកម្ពុជា ថាបានបង្កភាពចលាចល ដោយបានបាញ់អាវុធតូចៗរយៈពេល១០នាទី ទើបទាហានថៃ បាញ់តបតវិញ ទាំងដែលពីដំបូងឡើយ កងទ័ពថៃ ប្រកែកថាកងទ័ពខ្លួនមិនបានបាញ់នោះទេ។

អ្វីដែលធ្វើឱ្យសម្ដីរបស់ប្រទេសថៃកាន់តែសាបដូចទឹក ហើយបាត់បង់ទំនុកចិត្តពីឆាកអន្តរជាតិនោះ គឺដោយសារ តែ​ថៃ​មិនដែលនិយាយពីការពិត ឬប្រាប់ពីស្ថានភាពពិតប្រាកដម្ដងណាឡើយ ឧទាហរណ៍ដូចជា លោកវរសេនីយ៍​ឯក​ Richa Sooksuwanon អ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ (RTA) បានបញ្ជាក់ប្រាប់សារព័ត៌មានថា នៅម៉ោងប្រហែល ៤:០០ រសៀលថ្ងៃទី១២ ខែវិច្ឆិកា គឺមានការបាញ់អាវុធតូចៗត្រូវបានឮពីភាគីកម្ពុជាប្រហែល ១០ នាទី ដែលអ្នកនាំពាក្យរងរូបនេះ បានហៅថាវាគឺជាសកម្មភាពបង្កើតស្ថានការណ៍ និងការញុះញង់ ទាំងដែលនៅក្នុងវីដេអូនោះ បើមិនប្រើអគតិមកបិទបាំងទេនោះ គឺគេបានឮយ៉ាងច្បាស់សំឡេងកាំភ្លើងយន្តដែលភាគីថៃ បានបាញ់ឆ្ពោះមកកាន់ភូមិព្រៃចាន់របស់កម្ពុជា ធ្វើឱ្យពលរដ្ឋស្លូតត្រង់របួសនិងស្លាប់ថែមទៀតផង៕

Share.