មើលលើការចេញផ្សាយរបស់សារព័ត៌មាន Newsweek នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះឱ្យដឹងថា ថៃបានអនុម័តការវិលត្រឡប់ទៅកាន់ប្រតិបត្តិការយោធាដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល អនុទិន បើទោះបីជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ទើបតែបញ្ជាក់នៅដើម្បីសប្ដាហ៍នេះថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្តេជ្ញាបន្តការបញ្ឈប់អំពើហិង្សា ហើយរំពឹងថា រដ្ឋាភិបាលថៃ និងកម្ពុជា នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ជម្លោះនេះ។

ជាការពិតណាស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយកកិត្តិយសរបស់ខ្លួនមកធានាអះអាងចំពោះបទឈប់បាញ់ដើម្បីបង្កើតឱ្យមាន កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលប្រការនេះសហរដ្ឋអាមេរិកបានចាត់ទុកថាវាជា សម្ព័ន្ធមិត្តដ៏សំខាន់មួយក្រៅពីណាតូ ដោយដាក់គំនាបបញ្ឈប់ការចរចាពាណិជ្ជកម្មជាមួយភាគីនីមួយៗ បើសិនប្រទេសទាំងពីរមិនវិលចូលតុចរចារ ហើយដោះស្រាយដោយសន្តិវិធី។
សហរដ្ឋអាមេរិកបានចាត់ទុកថា ជម្លោះថៃ និងកម្ពុជា គឺជាសង្គ្រាមរយៈពេលខ្លី និងជាសង្គ្រាមមួយក្នុងចំណោមប្រាំបីដែលលោកប្រធានាធិបតីអះអាងថាត្រូវបានបញ្ចប់។ នៅពេលដែលរដ្ឋាភិបាល អនុទីន បានប្រកាសព្យួរកិច្ចព្រមព្រៀងសន្តិភាព និងទាត់ចោលរាល់កិច្ចព្រមព្រៀងកន្លងៗមករវាងប្រទេសទាំងពីរ ក្រសួងការបរទេសកម្ពុជាបានអំពាវនាវឱ្យប្រទេសថៃ បោះបង់ការប្រើប្រាស់កម្លាំង និងត្រឡប់ទៅរកការប្តេជ្ញាចិត្តរួមគ្នាឡើងវិញ ដែលជាការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។

យ៉ាងណាមិញ ១ថ្ងៃមុនកើតហេតុការណ៍បាញ់មកលើជនស៊ីវិលជាប្រជាពលរដ្ឋស្លូតត្រង់រស់នៅក្នុងភូមិព្រៃចាន់ កាសែត Thai Enquirer បានផ្សាយឡើងថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី អុនទីន លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់យោធា ហើយបានចោទប្រកាន់កម្ពុជាថាមិនបានគោរពតាមកិច្ចព្រមព្រៀងនេះ។ លោកបានចោទភាគីកម្ពុជាថាបានរំលោភលើកតិកាសញ្ញានេះ ហើយយោធាថៃមានការគាំទ្រពេញលេញពីរដ្ឋាភិបាលថៃដូចគ្នា។
លោកបានបន្ថែមថា ថៃជាប្រទេសដែលមានអធិបតេយ្យភាព ហើយមិនចាំបាច់រាយការណ៍ទៅនរណាម្នាក់ សូម្បីតែទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រាល់សម្ដី និងការថ្លែងសាររបស់នាយករដ្ឋមន្ត្រីថៃទី៣២ថៃរូបនេះ ហាក់មិនទុកលោកប្រធានាធិបតី ដូណាល់ត្រាំ នៅក្នុងក្រសែភ្នែកទាល់តែសោះ មិនតែប៉ុណ្ណោះគឺរមិលគុណចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់ប្រជាជនទាំងសងខាងថែមទៀតផង។
កាសែតថៃដដែលនេះបានផ្សាយបន្ថែមថា ក្រសួងការពារជាតិថៃគឺបានអនុម័តការវិលត្រឡប់ទៅកាន់ប្រតិបត្តិការយោធាការពារនៅតាមព្រំដែន បន្ទាប់ពីចំណាត់ការរបស់គណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិក្នុងការផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ការផ្អាកនេះក៏ត្រូវបានលុបចោលផែនការប្រគល់អ្នកទោសសង្គ្រាមកម្ពុជា១៨នាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្របតាមសេចក្ដីថ្លែងការរួម ដែលតម្រូវឱ្យភាគីថៃ ត្រូវតែដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប ឱ្យត្រលប់មកប្រទេសជាតិវីដោយគ្មានលក្ខខណ្ឌ។

លុះនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានកេះកៃកាំភ្លើងបាញ់មកលើប្រទេសកម្ពុជាជាលើកទី ២ ក្រោមហេតុផលថា ខ្លួនអនុត្តតាមច្បាប់ការពារនៅតាមព្រំដែន កងយោធាថៃ បានបើកការបាញ់ប្រហារដោយកំរោលមកលើអ្នកភូមិព្រៃចាន់។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះបានធ្វើឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួស៣នាក់ ដែលទង្វើនេះគឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជាស្រស់ៗ ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)។
ការកេះកៃកាំភ្លើងបាញ់មកលើពលរដ្ឋកម្ពុជា ដោយចេតនាចង់ឈ្លានពានទឹកដីកម្ពុជារបស់ក្រុមយោធាថៃនិងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី អនុទិន នេះ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាមទារឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះកម្ពុជា៕

