ថៃច្រើនតែចោទនិងវាយប្រហារកម្ពុជាថាជាប្រទេស ស្កែមម័រ ជាប្រទេសពាក់ព័ន្ធនឹងការឆបោក ប៉ុន្តែទីបំផុតភស្តុតាងថ្មីបញ្ចេញដោយសហរដ្ឋអាមេរិកបានចោទប្រកាន់លើ ថៃ និងមីយ៉ាន់ម៉ា ថាមានជាប់ពាក់ព័ន្ធនឹង ការបង្ខិតបង្ខំឱ្យធ្វើការងារ ដែលអនុវត្តការឆបោកវិនិយោគក្លែងក្លាយតាមអនឡាញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។

សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល ៥ នាក់ និងអង្គភាព ៣ ដែលស្ថិតនៅប្រទេស ថៃ និងមីយ៉ាន់ម៉ា សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងបរិវេណឬ ទីតាំង ដែលបង្ខិតបង្ខំឱ្យធ្វើការងារ និងអនុវត្តការឆបោកលើវិនិយោគក្លែងក្លាយតាមអនឡាញ»។

យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ប្រជាជនអាមេរិកបាន បាត់បង់លុយ ឬខាតប្រាក់យ៉ាងតិច ១០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ ដោយសារប្រតិបត្តិការឆបោកតាមអនឡាញដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដែលជាការកើនឡើង ៦៦ ភាគរយ លើសពីឆ្នាំមុន។ ក្រុមឧក្រិដ្ឋជន ទូទាំងតំបន់បានកេងប្រវ័ញ្ចលើប្រជាជនអាមេរិកតាមអនឡាញកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះគឺបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិបុលភាពរបស់អាមេរិក»។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា៖ «ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ មានការប្រកាសគាំទ្រ ដោយ ព្រះរាជអាជ្ញាសហរដ្ឋអាមេរិក ប្រចាំស្រុកកូឡុំប៊ី ក្រុមការងារ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និង ភ្នាក់ងារសម្ងាត់អាមេរិក (U.S. Secret Service) នៃក្រុមប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោក (Scam Center Strike Force) ។
សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់ឧបករណ៍ដែលមានទាំងអស់ដើម្បីការពារប្រជាជនអាមេរិកពីការឆបោកដែលកំពុងប្រតិបត្តិការទូទាំងតំបន់ និងជុំវិញពិភពលោក»។


សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានឱ្យដឹងថា៖ «ការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស (OFAC) របស់ក្រសួងរតនាគារបាន ដាក់ឈ្មោះក្នុងបញ្ជី (ខ្មៅ) នូវក្រុមប្រដាប់អាវុធភូមា កងទ័ពប្រជាធិបតេយ្យការ៉ែនដែលប្រកបដោយសេចក្តីសប្បុរស (DKBA) រួមជាមួយនឹងមេដឹកនាំជាន់ខ្ពស់ ៤ នាក់ផ្សេងទៀត សម្រាប់ការគាំទ្រមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេសភូមា ដែលកំណត់គោលដៅលើប្រជាជនអាមេរិកដោយប្រើប្រាស់គម្រោងវិនិយោគក្លែងក្លាយ។



OFAC ក៏បានដាក់បញ្ចូលក្នុងបញ្ជីខ្មៅផងដែរនូវក្រុមហ៊ុនថៃចំនួន៣រួមមាន Trans Asia International Holding Group Thailand Company Limited (Trans Asia) ក្រុមហ៊ុន Troth Star Company Limited (Troth Star) និងពលរដ្ឋថៃឈ្មោះ ចាមូ សាវ៉ាង (Chamu Sawang) ដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មរៀបចំឡើងរបស់ចិន និងបានធ្វើការជាមួយ DKBA និងក្រុមប្រដាប់អាវុធផ្សេងទៀតដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលឆបោកនានា។
ប្រាក់ចំណូលដែលរកបានដោយកម្មករនៅក្នុងមជ្ឈមណ្ឌលឆបោក ដែលជារឿយៗពួកគេខ្លួនឯងក៏ជា ជនរងគ្រោះនៃការជួញដូរមនុស្ស ផងដែរ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការប្រព្រឹត្តិឧក្រិដ្ឋង និងជាហិរញ្ញប្បទានសម្រាប់ក្រុម DKBA ប្រើប្រាស់គាំទ្រដល់សកម្មភាពឆបោកនានារបស់ពួកគេ៕

