ពោធិ៍សាត់៖ ការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ (DBST) និងបេតុងចំនួន 9 ខ្សែ ប្រវែងសរុប 67 គីឡូម៉ែត្រ នៅក្នុងស្រុកកណ្ដៀង ក្រុងពោធិ៍សាត់ ស្រុកវាលវែង និងស្រុកបាកានបានចាប់ផ្តើមហើយ។ គម្រោងនេះត្រូវបានបើកការដ្ឋាននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2025 ដោយមានគោលបំណងពង្រឹងប្រព័ន្ធដឹកជញ្ជូន និងលើកកម្ពស់ការអភិវឌ្ឍន៍ជនបទ។


ផ្លូវចំនួន 3 ខ្សែ ប្រវែង 24 គីឡូម៉ែត្រ ស្ថិតក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី 2 ខណៈដែលផ្លូវបន្ថែម 6 ខ្សែទៀត ប្រវែង 43 គីឡូម៉ែត្រ ស្ថិតក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ទីផ្សារកសិករ និងពាណិជ្ជកម្មកសិកម្ម។
គម្រោងដែលមានតម្លៃស្ថាបនាប្រមាណ 14 លានដុល្លារអាមេរិកនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង 200,000 នាក់ ក្នុងតំបន់គោលដៅ។ ពេលបញ្ចប់ គេរំពឹងថាផ្លូវទាំងនេះនឹងជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន ផ្ដល់ភាពងាយស្រួលក្នុងការចូលដំណើរការទីផ្សារ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។



ប្រជាពលរដ្ឋក្នុងតំបន់ក៏បានបង្ហាញការមោទនភាពចំពោះគម្រោងថ្មីនេះ ដោយរំពឹងថាផ្លូវថ្មីនឹងធ្វើឲ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់សហគមន៍កាន់តែប្រសើរ។
អត្ថបទ៖ ពោធិ៍សាត់

