តាមការឱ្យដឹង ពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោកបានទំនាក់ទំនងតាមទូរស័ព្ទដើម្បីពិភាក្សាជាមួយ លោក អនុទិន និង សម្តេច ហ៊ុន ម៉ាណែត ដោយបង្ហាញថា មេដឹកនាំទាំងពីរបានប្តេជ្ញាយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមអ្វីដែលបានព្រមព្រៀងគ្នាក្នុង សេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួរ (Kuala Lumpur Peace Declaration)។

លោក ដាតូ សេរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានបង្ហោះសារបញ្ជាក់ដូចតទៅ៖
«ខ្ញុំបានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក អនុទិន ឆានវីរកូល នាយករដ្ឋមន្ត្រីថៃ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិភាព បន្ទាប់ពីមានព្រឹត្តិការណ៍ហិង្សាកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានផ្តល់ការឆ្លើយតបជាវិជ្ជមាន ដោយ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ»។

«ខ្ញុំបានសង្កត់ធ្ងន់លើជំហររបស់ម៉ាឡេស៊ី ដែលចង់ឃើញ មិត្តភាព និងបទឈប់បាញ់ រវាងប្រទេសទាំងពីរ ស្របតាមការយោគយល់ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីខែមុន។ ខ្ញុំក៏បានសម្តែងពីឆន្ទៈរបស់ម៉ាឡេស៊ីក្នុងការដើរតួជា អ្នកសម្របសម្រួល ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពបន្តទៀត…»
«នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានថ្លែងអំណរគុណចំពោះជំហររបស់ម៉ាឡេស៊ី និងតួនាទីដែលយើងបានអនុវត្ត មិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងនាមជាមិត្តភក្តិ និងប្រទេសជិតខាងដែលប្រាថ្នាចង់បានសន្តិភាពនៅក្នុងតំបន់អាស៊ានផងដែរ»។

«សូមឱ្យប្រទេសទាំងពីរ បង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហានក្នុងការ ស្តារស្ថិរភាពឡើងវិញតាមបណ្តោយព្រំដែន ដើម្បីឱ្យមានសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ»។

ទោះជាមានការឆ្លើយតបបែបវិជ្ជមានពី លោក អនុទិន ប្រាប់ទៅកាន់លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលដើម្បីស្វែងរកសន្តិភាពសម្រាប់សមាជិកអាស៊ានក្ដី ប៉ុន្តែបើមើលតាមសម្ដីដែលលោក អនុទិន និយាយប្រាប់អ្នកសារព័ត៌មានថៃ សូម្បីតែសហរដ្ឋមន្ត្រីដែលជាដៃគូពាណិជ្ជកម្ម និងជាមហាអំណាចសេដ្ឋកិច្ចមួយ លោក អនុទិន មិនទាំងទ្រផង ដូច្នេះអ្វីដែលជាការប្ដេជ្ញារបស់មេដឹកនាំថៃ រូបនេះ ពិតបានកម្រិតណា មានតែរង់ចាំមើលសម្ដីនិងទង្វើរបស់ភាគីរដ្ឋាភិបាលថៃ និងកងទ័ពថៃជាបន្តទៀតតែប៉ុណ្ណោះ៕

Share.