បាត់ដំបង÷ អភិបាលខេត្តបាត់ដំបង បានស្នើដល់អគ្គកុងស៊ុលវៀតណាមទើបទទួលការងារថ្មីឲ្យជួយកៀរគរអ្នកវិ និយោគបន្ថែមទៀត ស្របពេលដែលខេត្តបាត់ដំបងកំពុងមានសក្តានុពលលើវិស័យកសិកម្ម និងវិស័យទេសចរណ៍។

ការស្នើដល់ភាគីអគ្គកុងស៊ុលរបស់វៀតណាមនេះធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ ២០២៥ កន្លងមកនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តបាត់ដំបង ជាមួយនឹងអគ្គកុងស៊ុលវៀតណាមថ្មីប្រចាំខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងស្នើដល់មន្ត្រីអគ្គកុងស៊ុលវៀតណាម ជួយកៀរគរក្រុមអ្នកវិនិយោគវៀតណាមដើម្បីមកបណ្ដាក់ទុនរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តបាត់ដំបង លេីការកែច្នៃ ផលិតផលកសិកម្មដែលសំបូរបែបក្នុងខេត្តមួយនេះ ហើយក៏ដើម្បីស្វែងរកឱកាសធ្វើឱ្យអ្នកវិយោគរបស់ខេត្តបាត់ដំបង បានជួបពិភាក្សា និងសហការគ្នាជាមួយអ្នកវិនិយោគវៀតណាមសំដៅបង្កើតឱកាសធ្វើពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែជិតស្និទថែមទៀត និងរឹងមាំ។

ជាការឆ្លេីយតប លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏បានសម្តែងនូវក្តីរីករាយចំពោះការផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងការផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមកបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ជាខេត្តដ៏ល្បីល្បាញមួយលើឆន្ទៈដូចគ្នាក្នុងការជួយអភិវឌ្ឍប្រទេសជាតិទាំងពីរ ផ្តោតសំខាន់
ការលើកតម្កើងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនឲ្យមានភាពល្អប្រសើរទ្វេឡើងថែមទៀត ក៏ដូចជាការពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរបានយូរអង្វែងតទៅ៕

អត្ថបទ: ដំបងក្រញូង

Share.