ព្រះសីហនុ÷ ខេត្តព្រះសីហនុ​បាន​ប្រារព្ធ​វេទិកា “កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត” ក្នុងបរិបទទិវាសហគ្រិនភាពកម្ពុជា (CED 2025) កាលពី​ព្រឹក​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​សណ្ឋាគារ Cyprus។

ព្រឹត្តិការណ៍នេះគ្រោងផ្តល់ឱកាសដល់សហគ្រិន និងយុវសហគ្រិនក្នុងការស្វែងយល់ពីរបាយការណ៍អភិវឌ្ឍអាជីវកម្ម បច្ចេកវិទ្យាថ្មី និងទិសដៅវិនិយោគសម្រាប់អនាគត។


លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងខេត្តព្រះសីហនុ បាននិយាយថា កម្មវិធី CED 2025 មានគោលបំណងលើកស្ទួយសហគ្រិនភាព និងឧស្សាហកម្មច្នៃប្រឌិត ក៏ដូចជាបង្កើនសក្តានុពលវិនិយោគក្នុងប្រទេស ក្រោមទស្សនៈ “វិនិយោគ ដើម្បីអនាគត 2030”។


លោកបន្ថែមថា សមាគមវ័យក្មេងសាខាខេត្ត មានសមាជិក ៤២ នាក់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្មវិស័យផ្សេងៗ ហើយបានធ្វើការងារយ៉ាងសកម្មក្នុងការគាំទ្រអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈកម្មវិធីបណ្តុះបណ្តាល និងមគ្គុទេសក៍វិនិយោគប្រចាំខេត្ត។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិស័យឯកជនគឺជាកម្លាំងចម្បងសម្រាប់កំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ។ រដ្ឋបាលខេត្តក៏បានលើកឡើងពីអាទិភាព៥ បែបបទរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការគាំទ្រប្រព័ន្ធ MSME ការច្នៃប្រឌិត និងការបង្កើតការចូលរួមរវាងរដ្ឋ–ឯកជន។


រដ្ឋបាលខេត្តបានបញ្ជាក់ថា ត្រៀមខ្លួនគាំទ្រគម្រោងវិនិយោគគ្រប់ប្រភេទ និងធានាឱ្យមានបរិយាកាសងាយស្រួលក្នុងការប្រតិបត្តិ មកតាមកម្មវិធីជំរុញវិនិយោគព្រះសីហនុឆ្នាំ២០២៤ ដើម្បីទាក់ទាញទុនវិនិយោគថ្មីៗ និងលើកកម្ពស់សេដ្ឋកិច្ចតំបន់ឆ្នេរ៕

អត្ថបទ÷ឈុន គឹមហៃ

Share.