នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នា ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងភរិយា បានអញ្ជើញសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួស ដោយការបាញ់ប្រហារពីកទាហានថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។

សម្ដេចនាយករដ្ឋាមន្ត្រីបាន ថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយបានជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតប្រជាជនខ្មែរស្លូតត្រង់ទាំង៣រូប ប្រកបដោយជោគជ័យ។

ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរម្ដងទៀត ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕

Share.