ហេតុការណ៍បាញ់ប្រហារពីសំណាក់កងយោធាថៃ មកលើប្រជាពលរដ្ឋស្លូតត្រង់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ហើយបានបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួស៤នាក់ កំពុងល្បីសាយភាយលើពិភពលោកហើយ។ ក្នុងនោះយើងបានសង្កេតឃើញថា ប្រទេសចិន តាមរយៈលោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន (Wang Wenbin) បានថ្លែងសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមថា៖ «ប្រទេសចិនបានកត់សម្គាល់ឃើញនូវ ការវិវឌ្ឍថ្មីៗ និងបញ្ហាមួយចំនួន អំឡុងពេលនៃការអនុវត្តសេចក្តីប្រកាសរួមរវាងប្រទេសថៃ និងកម្ពុជា។


ក្នុងនាមជា មិត្តភក្តិ និងប្រទេសជិតខាងស្និទ្ធស្នាល របស់ប្រទេសទាំងពីរ ចិនសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ភាគីទាំងពីរអាច រក្សាភាពអត់ធ្មត់ (exercise restraint) ធ្វើការក្នុងទិសដៅតែមួយ អនុវត្ត ការពិគ្រោះយោបល់ដោយមិត្តភាព ប្រើប្រាស់ យន្តការទ្វេភាគី ដែលមានស្រាប់ និង ស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បី ទប់ស្កាត់រាល់ការកើនឡើងនៃជម្លោះ។





តាមរយៈសំណេររបស់លោកទូតចិនផងដែរ បានបញ្ជាក់ថា ប្រទេសចិន នឹងបន្តដើរតួនាទីជា អ្នកស្ថាបនា ក្នុងការជំរុញឱ្យមានការបន្ថយភាពតានតឹង តាមវិធីសាស្រ្តរបស់ចិនផ្ទាល់ផងដែរ៕

