បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរយ:ពេល ២ថ្ងៃសម្រាប់ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ។

ឱកាសការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងភូមិខេត្តបាត់ដំបងនេះរៀបចំធ្វើឡើងមានរយ:ពេល ២ថ្ងៃ ចាប់ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆកា ឆ្នាំ ២០២៥។

តាមរយ:ផេកផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈខាងលើនឹងមានសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងសមាគម ចូលរួមផ្សព្វផ្សាយ និងដាក់តាំងបង្ហាញសមិទ្ធផលវគ្គអប់រំបណ្តុះបណ្តាល និងព័ត៌មានឱកាសការងារដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ដោយមានការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅហ្នឹងកន្លែងចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីល្ងាច។

ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃខាងលើនឹងរៀបចំចំនួន ២ថ្ងៃ ដោយនៅថ្ងៃទី ១៥ ខែវិច្ឆកា ស្អែកនេះធ្វើឡើងនៅក្នុងបរិវេណវត្តថ្មគោល ស្រុកថ្មគោល និងនៅថ្ងៃបន្ទាប់ថ្ងៃទី ១៦ ខែវិច្ឆកា ត្រូវរៀបចំឡើងនៅទីសាធារណ: ក្នុងឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

លោក ផេង សិទ្ធី បន្តថា÷ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរជាការផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋ ពលករខ្មែរក្នុងខេត្តបាត់ដំបង មានរហូតដល់ចំនួន ៧៥ ៣០២នាក់៕

អត្ថបទ: ដំបងក្រញូង

Share.