ភ្នំពេញ ៖ ប្រឡាយមេមួយខ្សែស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយទឹកជំនន់ពេញដោយសំរាមដាសដូចផ្សិត គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រយៈពេល១២ថ្ងៃហើយ ពលរដ្ឋស្នើសុំឱ្យអាជ្ញាធរមេត្តាជួយចុះពិនិត្យ ។




តាមពលរដ្ឋបានឱ្យដឹងថា កន្លងមកក្នុងអំឡុងតែតុលា ខាងអាជ្ញាធរ ខណ្ឌ សង្កាត់ បានកាយសម្អាតម្តងហើយ ខណៈដែលទឹកកំពុងជន់លិច ឃើញថាក្នុងប្រឡាយចំណុចខាងលើបានប្រសើរ ថ្វីដ្បិតប្រព័ន្ធលូបង្ហូររំដោះទឹក មានសភាពមិនប្រក្រតី ពិតមែន ចរន្តទឹកក្នុងប្រឡាយ បានហូរខ្លះ ក៏ប៉ុន្តែនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានភ្លៀងធ្លាក់ខ្លាំង ច្រើនម៉ោង ធ្វើឱ្យទឹកជន់លិចខ្លាំង លិចទាំងផ្លូវ ផ្ទះពលរដ្ឋ ដោយនាំមកទាំងសំរាម សំណល់ផ្សេងៗ អណ្តែតមកពីផ្នែកខាងលើ ពាសវាលពាសកាល លុះទឹកសម្រកទៅវិញ សំរាមមាននៅពេញប្រឡាយ ដេរដាសដូចផ្សិត ។

ដើម្បីបរិស្ថានក្នុងមូលដ្ឋានឱ្យបានប្រសើរឡើង ម្យ៉ាងបង្កលក្ខណៈដល់ចរន្តទឹកហូរ ពលរដ្ឋស្នើសុំដល់អាជ្ញាធរ មេត្តាជួយចុះពិនិត្យ បញ្ហាសំរាមមាននៅពេញក្នុងប្រឡាយទឹក ៕




