ភ្នំពេញ ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងរាលដាលដល់ផ្ទះអ្នកជិតខាងអស់៣ខ្នងទៀត កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវតាមផ្លូវលំ ក្រុមទី២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។




ម្ចាស់ផ្ទះរងគ្រោះឈ្មោះ យឹម ផល្លា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅផ្ទះកើតហេតុ សង់ពីឈើលើ ថ្មក្រោម ទំហំ៤ម៉ែត្រx៦ម៉ែត្រ រងខូចខាតអស់ទាំងស្រុង ។ ចំណែកផ្ទះអ្នកជិតខាងចំនួន៣ខ្នង រងខូចខាតផ្នែកខ្លះ និងខូចខាតទ្រព្យសម្បត្តិ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើកើតឡើងភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ កម្លាំងនគរបាល រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។ ចំពោះមូលហេតុផ្តើមឱ្យមានអគ្គិភ័យនេះកើតឡើង ពុំមានអ្នកណាអះអាង ព្រោះថាភ្លើងឆេះសន្ធោឡើងហើយទើបនាំគ្នាផ្អើល ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
