យោងតាមការចេញផ្សាយដោយសារព័ត៌មានរបស់ទូរទស្សន៍ Amarin TV បានបានផ្សាយនាថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ក្រុមកម្លាំងសាមគ្គីរបស់ជាតិ ដើម្បីការពារអធិបតេយ្យភាព បានប្រកាសធ្វើបាតុកម្មនៅមុខស្ថានទូតម៉ាឡេស៊ី និងអាមេរិក នៅទីក្រុងបាងកក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីស្នើសុំឱ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការនយោបាយក្នុងប្រទេសថៃ។

កាលពីម្សិលម៉ិញ គណៈកម្មាធិការកម្លាំងសាមគ្គីជាតិ ដើម្បីការពារអធិបតេយ្យភាព ដែលមានលោក ចតុផុន ព្រហ្មផាន់ (Jatuporn Prompan) , លោក និតិថន លាំលឿ (Nitithorn Lamlue) , លោក ពិសិដ្ឋ ឆៃមង្គល (Pichit Chaimongkol) , លោក ស៊ុមឆៃ សាវ៉ាងកាន (Somchai Sawangkan) និងលោក ជេត ថូណាវ៉ានីក (Jet Thonawanik) បានធ្វើសន្និសីទកាសែតនៅស្ថានីយ៍ទូរទស្សន៍ Peace ដោយបញ្ជាក់ថា «ពួកគេមិនពេញចិត្តចំពោះការជ្រៀតជ្រែកពីភាគីអាមេរិក និងម៉ាឡេស៊ី អំពីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃឡើយ ហើយថា បញ្ហាជម្លោះរវាងកម្ពុជា-ថៃ ត្រូវតែបញ្ចប់ត្រឹមកិច្ចព្រមព្រៀង ឬ យុទ្ធនាការ រវាងប្រទេសទាំង២ តែប៉ុណ្ណោះ ពោលគឺ ក្នុងលក្ខខណ្ឌទ្វេភាគី ដូចគ្នាទៅនឹងអ្វីដែលថៃ ធ្លាប់មានជាមួយប្រទេសឡាវ និងភូមា»។




ជាមួយគ្នានោះ មេដឹកនាំក្រុមបាតុករខាងលើ បានផ្ដាំផ្ញើទៅកាន់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ថា ការបំពេញតួនាទីជាប្រធានអាស៊ានត្រូវផ្តល់កិត្តិយសដល់ប្រទេសអាស៊ាន ដោយត្រូវរំលឹកថា បញ្ហារវាងថៃ និងម៉ាឡេស៊ីក៏ធ្លាប់មានដែរ ដែលត្រូវបានបញ្ចប់ដោយការចរចា។ ក្រុមមេដឹកនាំដដែលបន្ថែមថា មិនដែលមានប្រធានអាស៊ានរូបណាបាន ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងនៃជម្លោះរបស់ប្រទេសជិតខាង ដូចដែលមេដឹកនាំម៉ាឡេស៊ីកំពុងធ្វើនៅពេលនេះទេ។ ដូច្នេះសូមព្រមានថា ឥឡូវនេះម៉ាឡេស៊ីបាន ធ្វើហួសតួនាទី ហើយ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ហើយយើងមិនព្រមធ្វើតាមអ្វីគ្រប់យ៉ាងដែលអាមេរិកចង់បានដូចគ្នាដែរ យើងមិនព្រមឱ្យអាមេរិកជិះជាន់ទេ អាមេរិក គ្រាន់តែចង់ឈ្នះចិន ប៉ុណ្ណោះ។


លើសពីនេះ ថៃ បែរជាចោទប្រកាន់ម៉ាឡេស៊ី និងអាមេរិក ថា គ្មានភាពអព្យាក្រឹត មិនបានផ្ដល់តម្លៃដល់ការពិត និងសេចក្ដីថ្លែថ្នូរនៃជីវិតរបស់ប្រជាជនថៃសូម្បីតែបន្ដិច ហើយអាមេរិក បានរួមដៃជាមួយកម្ពុជា និងបានចោទទៅអាមេរិក ទាំងគឃ្លើនថា ជាមេឧក្រិដ្ឋកម្មឆបោកតាមអនឡាញពិតប្រាកដថែមទៀត។
យ៉ាងណាម៉ិញ ការលើកឡើងរបស់មេដឹកនាំក្រុមបាតុករថៃ នេះ សបញ្ចាក់ឱ្យឃើញថា ពួកគេតែងតែចង់បញ្ឆេះឱ្យមានភាពតានតឹង និងនាំឱ្យកើតមានសង្រ្គាម ផ្ទុយពីការស្រែកទាមទារសន្ដិភាព ដែលសូម្បីតែប្រទេសមហាអំណាចពិភពលោក ដូចជា អាមេរិក និងម៉ាឡេស៊ី ជាប្រធានអាស៊ានប្ដូរវេន និងជាអ្នកសម្របសម្រួលលើកិច្ចចរចាសន្ដិភាព ក៏ថៃ បានចោទប្រកាន់ មិនខ្វល់ និងចាត់ទុកការជួយនោះជាការជ្រៀតជ្រែកកិច្ចនយោបាយរបស់ខ្លួនទៅវិញ៕

