ក្រោយអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលើកឡើងពីការព្យួរការចរចាពន្ធគយបដិការរវាងអាមេរិក ថៃ «បណ្ឌិត អេ សុចាត់វីរៈ» ប្រធានគណបក្ស Thai Kao Mai ណែនាំឱ្យការទូតថៃត្រូវតែមុតស្រួច ជុំវិញបញ្ហាជាមួយអាមេរិក ព្រមទាំងព្រមានកុំលេងនយោបាយនាំឱ្យប៉ះពាល់សេដ្ឋកិច្ច ត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍ជាតិ និងជីវភាពរស់នៅរបស់ប្រជាជនជាចម្បង។

កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក សុចាត់វីរៈ សុវណ្ណសាវ៉ាត់ឌី (Suchatvee Suwansawasdi) ហៅថា បណ្ឌិត អេ (Dr. Ae) ប្រធានគណបក្ស Thai Kao Mai (ថៃជំហានថ្មី) បានថ្លែងអំពីករណីដែលប្រទេសថៃត្រូវបានជូនដំណឹងពីឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា នឹងស្នើសុំ ផ្អាកជាបណ្តោះអាសន្ននូវការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមករវាងថៃ និងសហរដ្ឋអាមេរិក ហើយនឹងត្រឡប់ មកចរចាវិញនៅពេលដែលភាគីថៃបាន សន្យាថានឹងអនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ កូឡាឡាំពួរ ២៦ តុលា ។
លោក សុចាត់វីរៈ បានថ្លែងថា៖ «បើថ្ងៃនេះយើងគិតតែពីលេងនយោបាយ ទីបំផុតផលប៉ះពាល់នឹងធ្លាក់មកលើប្រទេសថៃគ្រប់វិស័យ»។ លោក សុចាត់វីរៈ បានបន្តទៀតថា៖ «ត្រូវទទួលស្គាល់ថា ប្រទេសថៃមិនអាចនៅតែឯងបានទេ គឺត្រូវពឹងផ្អែកលើមហាអំណាច ទាំងសហរដ្ឋអាមេរិក និងចិន។ ដូច្នេះ វិធីសាស្រ្តក្នុងការដំណើរការនយោបាយ ឬការទំនាក់ទំនងផ្នែកការទូតរបស់ថៃត្រូវតែមានភាពមុតស្រួច»។
លោកបានលើកឧទាហរណ៍ទៀតថា៖ «ប្រទេសជាច្រើនបានធ្វើបានល្អ ទោះបីជាពួកគេស្ថិតក្នុងស្ថានភាពលំបាកជាងយើងក៏ដោយ ដូចជា វៀតណាម ដែលរក្សាលំនឹងរវាងមហាអំណាចទាំងបី គឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ឬ ប្រទេសតួកគី ដែលស្ថិតនៅចន្លោះអារ៉ាប់ រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលសេដ្ឋកិច្ចរបស់ពួកគេទទួលបានការគាំទ្រ ទោះបីជាក្រុមទាំងបីដែលបានរៀបរាប់នោះមិនចុះសម្រុងគ្នាក៏ដោយ។ ដូច្នេះវាគឺជា រឿងនៃភាពមុតស្រួចផ្នែកការទូតដែលថៃត្រូវគិត»។

«ថ្ងៃនេះ ប្រទេសថៃត្រូវតែប្រុងប្រយ័ត្នចំពោះបញ្ហានយោបាយដែលអាចពាក់ព័ន្ធនឹងបញ្ហាការទូត និងសេដ្ឋកិច្ច។ អ្វីដែលសំខាន់គឺត្រូវធ្វើដូចម្តេចក៏ដោយ កុំឱ្យប្រជាជនថៃក្រជាងនេះ។ បើយើងចាំបាច់ត្រូវសម្របសម្រួលជាមួយគ្រប់ភាគី យើងត្រូវតែសម្រេចវាឱ្យបាន ដើម្បី ប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ និងជីវភាពរស់នៅរបស់ប្រជាជនជាចម្បង»។
គួររំលឹកឡើងវិញថា ការផ្ទុះចេញនូវការផ្អាកការចរចាពន្ធគយរវាងអាមេរិក និងថៃ នេះ កើតឡើងក្រោយពេលដែល លោកនាយករដ្ឋមន្ត្រីអនុទិន ចាន់វីរគុល បានប្រកាសជាចំហមិនអនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ កូឡាឡាំពួរ ២៦ តុលា ហើយថៃនឹងកំណត់វិធានការតាមរបៀបខ្លួនឯង ថែមទាំងបានបញ្ជាក់ទៀតថាប្រទេសថៃ មិនចាំបាច់ពឹងពាក់លើមហាអំណាចនោះឡើយ ហើយថៃ នឹងស្វែងរកទីផ្សារថ្មីៗជាបន្តទៀត៕

