បាត់ដំបង៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា អមដំណើរដោយក្រុមការងារ បានធ្វើដំណើរចុះទៅដល់ខេត្តបន្ទាយមានជ័យ ដើម្បីទៅសួរសុខទុក្ខយុវតីម្នាក់ដែលបានវិលត្រលប់មកមាតុភូមិកំណើតវិញជាមួយនឹងបងប្អូនពលករមួយក្រុម ប៉ុន្តែបែរជាជួបរឿងអកុសលត្រូវទាហានឈុតខ្មៅថៃ ចំនួន៧នាក់ បានព្រួតគ្នារំលោភបំពានលើរាងកាយ ។

ករណីនេះបាន កាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមពលករខ្មែរចំនួន ១៣ នាក់ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រករបៀង បានប្រទះអំពើហិង្សាពីកម្លាំងឈុតខ្មៅថៃ នៅតំបន់ជិតព្រំដែន ខណៈពួកគេកំពុងធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ។

តាមការបញ្ជាក់របស់ក្រុមពលករ អំពើហិង្សា និងការដកហូតទ្រព្យសម្បត្តិ ត្រូវបានប្រព្រឹត្តលើពលករទាំងអស់ បូកទាំងការបំពានរាងកាយលើស្ត្រីវ័យក្មេងម្នាក់ទៀតផង។ ក្រោយកើតហេតុ ភាគីថៃបានដោះលែងឱ្យក្រុមពលករឆ្លងព្រំដែនចូលដីកម្ពុជាវិញ។ តាមកម្លាំងប៉ុស្តិ៍នគរបាល ស្វាយចេក សហការជាមួយកម្លាំងយោធាវរៈ ៥៣៤ និងសមត្ថកិច្ចស្រុកកំរៀង បានមកទទួលពលរដ្ឋករទាំង១៣នាក់នោះ នៅចំណុច កំពង់តាទូច ក្នុងភូមិស្វាយ ឃុំបឹងរាំង។

សម្រាប់ស្ត្រីរងគ្រោះ ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន បន្តតាមនីតិវិធី សហការជាមួយមន្ទីរពេទ្យ ដើម្បីពិនិត្យ និងផតាមដាន សុខភាពដោយយកចិត្តទុកដាក់បំផុត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ជុំវិញករណីក្រុមទាហាឈុតខ្មៅថៃ ប្រើអំពើហិង្សារំលោទបំពានរាងកាយ ទៅលើពលករខ្មែរនេះ គឺកើតមានឡើងនៅក្នុងទឹកដីថៃ ខណៈដែរពលករខ្មែរយើងប្រមាណជាជាង១០នាក់ វិលត្រឡប់មកប្រទេសកំណើតវិញ ហើយក៏ត្រូវបានកម្លាំងប្រដាប់អាវុធថៃ ចាប់បំបែកជាពីរក្រុម ដោយមួយក្រុមគឺមានតែយុវតីរងគ្រោះតែម្នាក់ឯង ទើបធ្វើឱ្យកម្លាំងប្រដាប់អាវុធថៃមានឪកាសរំលោភបំពានរាងកាយទៅលើប្អូនស្រីខាងលើ។

បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ បានចាត់ឱ្យក្រុមមន្រ្តីជំនាញ និងមន្រ្តីពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវ ជុំវិញករណីខាងលើ ដើម្បីក៏សាងសំណុំរឿង ​ប្តឹងរកយុតិធម៌ជូនយុវតីរងគ្រោះ៕

Share.