សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃកម្ពុជានៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥នេះ បានអញ្ជើញជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥។

ពិធីដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

ក្នុងព្រះបរមនាមព្រះមហាក្សត្រ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចតេជោបានថ្លែងអំណរព្រះគុណ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងមហាសន្និបាតរយៈពេល ៣ថ្ងៃនេះ។ មហាសន្និបាតនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

  • វាយតម្លៃការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បី កែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនា។
  • កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់ បញ្ហាប្រឈម ទាំងឡាយ។
  • តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត សង្ឃប្រកាស ដែលបានដាក់ចេញកន្លងមក។
  • រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព, ការលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនា, ការទ្រទ្រង់ និងការលើកកម្ពស់ សីលធម៌សង្គម និងសុខដុមនីយកម្មសាសនា នៅកម្ពុជា។

ក្នុងពិធីនោះដែរ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានលើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈ ក្នុងវិស័យធម្មការ និងសាសនា ជាពិសេសការពង្រឹង និងការពង្រីក ពុទ្ធិកសិក្សា និងការរីកចម្រើននៃ វិស័យពាហិរសាសនា និងសុខដុមនីយកម្មសាសនា។

សម្តេចតេជោបានមានប្រសាសន៍ដោយផ្តោទៅលើខ្លឹមសារមួយចំនួនដូចខាងក្រោម៖

  • រដ្ឋធម្មនុញ្ញ បានកំណត់ច្បាស់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ប៉ុន្តែពុំមានការរឹតត្បិតលើសិទ្ធិសេរីភាពខាងសាសនាឡើយ។
  • ការបើកទូលាយក្នុងការប្រតិបត្តិជំនឿ បានធ្វើឱ្យប្រជាជនអាចរស់នៅសុខដុមរមនា មិនមានទំនាស់ប្រេះឆា ឬជម្លោះសាសនា នោះទេ។
  • ព្រះពុទ្ធសាសនាបាននិងកំពុងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍផ្នត់គំនិត ឥរិយាបថ និងសកម្មភាព ដែលឈរលើមូលដ្ឋានទស្សនវិជ្ជាព្រះពុទ្ធ។
  • ព្រះពុទ្ធសាសនាគឺជាកម្លាំងចលករយ៉ាងសកម្មក្នុងការផ្លាស់ប្តូរជាវិជ្ជមាន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា សុខដុមរមនាសង្គម និងនយោបាយកម្ពុជា តាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្តី «កម្មផល»។

សម្តេច ហ៊ុន សែន ក៏បានលើកឡើងពីការមិនកាត់ផ្តាច់គ្នាបានរវាង អាណាចក្រ និងពុទ្ធចក្រ ក្នុងសង្គមខ្មែរ ហើយសម្តេចតែងតែប្រកាន់ខ្ជាប់នូវការបំពេញឱ្យគ្នាទៅវិញទៅមក រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងដំណើរដឹកនាំប្រទេសចាប់តាំងពីឆ្នាំ១៩៧៩មក៕

អត្ថបទ៖ត្រយង

Share.