បាត់ដំបង÷ មន្ត្រីជំនាញចុះពិនិត្យរកឃើញគ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ៣៦ គីឡូក្រាមដាក់តាំងលក់ក្នុងហាង ២៥០០រៀលក្នុងខេត្តបាត់ដំបង។
មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងទំនិញខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចហាង ២៥០០រៀល ឋិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។


ការងារចុះពិនិត្យជាបន្តបន្ទាប់នេះដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ទំនិញមិនសមស្រប ជាពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវបច្ចេកទេសធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។


មន្ត្រីដដែលបន្តថា ការអនុវត្តសកម្មភាពត្រួតពិនិត្យនេះដែរមន្រ្តីជំនាញបានរកឃើញទំនិញដែលខូចគុណភាព ទំនិញជាគ្រឿងសម្អាង ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៥ មុខ ទម្ងន់សរុប ៣៦.០៦ គីឡូក្រាម ដែលជំនាញបានធ្វើកំណត់ហេតុដកហូត និងបានពន្យល់ណែនាំឲ្យវញ្ឍប់៕
អត្ថបទ: ដំបងក្រញូង

