ពោធិ៍សាត់៖ ផ្ទះមួយខ្នងម្ចាស់មួរចំបើងញាត់ពេញផ្ទះផ្នែកខាងលើ រួចឆ្អើរត្រីខាងក្រោមបណ្ដាលឲ្យឆាបឆេះអស់ស្ទើរទាំងស្រុង ខណៈពេលម្ចាស់ភ្លេចខ្លួនតែមួយភ្លែតរវល់ទៅទិញសម្ភារៈប្រើប្រាស់ចម្ងាយត្រឹមតែ ២០០ ម៉ែត្រតែប៉ុណ្ណោះ សំណាងល្អសមត្ថកិច្ចអាជ្ញាធរពលរដ្ឋក្នុងមូលដ្ឋានជួយអន្តរាគមន៍ទន់ពេលមិនរាលដាលដល់ផ្ទះធំថ្មីដែលនៅក្បែរៗនោះ។


ករណីនេះកើតឡើងនៅវេលាម៉ោង ១:០០ និង ២៤នាទីរសៀលថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ បើតាមលោកអ៊ុលហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បញ្ជាក់អោយដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈិនជឹម ភេទប្រុសអាយុ ៥៨ឆ្នាំ ជាកសិកររស់នៅក្នុងភូមិកើតហេតុខាងលើ។


លោកបញ្ជាក់បន្ថែមថា ផ្ទះដែលរងការឆេះបំផ្លាញនោះមានទំហំទទឹង ០៥ម៉ែត្រនិងបណ្ដោយ ០៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីផ្ទុកចំបើងពេញរួមនឹងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនក៏ត្រូវឆេះបំផ្លាញផងដែរ ក្រោយពីកើតហេត្តភ្លាមៗ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកបានដឹកនាំកម្លាំង អាជ្ញាធរមូលដ្ឋាន កម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋសរុបចំនួន២៩នាក់ ប្រើប្រាស់ម៉ាសុីនបូមទឹក ជួយអន្តរាគមន៍បាញ់ពន្លត់រហូតដល់រលត់ជាស្ថាពរមិនឱ្យឆាបឆេះរាលដាលដល់ផ្ទះនៅក្បែរៗគ្នាជាច្រើនខ្នងផ្សេងទៀតផងដែរ៕
អត្ថបទ៖ ពោធិ៍សាត់

