ជឿថាប្រជាពលរដ្ឋកម្ពុជានៅតែចាំមិនភ្លេច និងមានស្នាមញញឹមចំពោះនាវាទេសចរណ៍ Westerdam ដែលធ្លាប់ត្រូវបានបណ្ដាប្រទេសមួយចំនួនបដិសេដ្ឋមិនឱ្យសំចតនៅអំឡុងគ្រាជំងឺកូវីដ ១៩ រីករាលដាលពេសពេញពិភពលោក។ ថ្មីៗនេះ នាវាទេសចរណ៍ខ្នាតយក្សដ៏ល្បីល្បាញមួយនេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាលើកទី៤ របស់ខ្លួននៅព្រឹកថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០២៥ ដោយបាននាំភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ធ្វើដំណើរមកទស្សនកិច្ចមួយថ្ងៃលើទឹកដីសមុទ្រសក្បុសរបស់កម្ពុជា។

តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន លើកនេះនាវាទេសចរណ៍ Westerdam បាននាំមកជាមួយភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន ១៨៥០ នាក់ ក្នុងនោះស្រី ៩៩២ នាក់ មកពី ៤៣សញ្ជាតិ និងនាវិកចំនួន ៨០៤ នាក់ មកពី ៣៩ សញ្ជាតិ។ តាមទិន្នន័យពីមន្ត្រីកំពង់ផែ បានបង្ហាញថា ភ្ញៀវភាគច្រើនមានសញ្ជាតិសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ដែលមកស្វែងយល់ពីទេសភាព និងវប្បធម៌របស់កម្ពុជា។ នាវាទេសចរណ៍ខ្នាតយក្សមួយនេះនឹងបន្តចាកចេញទៅប្រទេសផ្សេងទៀតនៅម៉ោង ៨យប់ ថ្ងៃទី១៨ វិច្ឆិកា ថ្ងៃដ៏ដែលនេះ។

គួរំលឹកដែរថា នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam មួយគ្រឿងនេះធ្លាប់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីអំឡុងពេលកើតមានកូវីដ-១៩ នៅឆ្នាំ ២០២០ ដោយពេលនេះប្រទេសកម្ពុជាបានឆ្លើយតបតាមរយៈបង្ហាញកិច្ចស្វាមគមន៍យ៉ាងកក់ក្ដៅ។ ដោយមើលឃើញពីទុកលំបាករបស់នាវាមួយនេះ ទើបប្រមុខថ្នាក់ដឹកនាំសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យកប៉ាល់នេះចូលចតនៅព្រះសីហនុ ដើម្បីជួយសង្គ្រោះអ្នកដំណើរជាង ២,២០០ នាក់ ក្នុងន័យមនុស្សធម៌។ ព្រឹត្តិការណ៍នោះ បានធ្វើឱ្យកម្ពុជាបានទទួលការសរសើរពីសហគមន៍អន្តរជាតិ ជាមួយនឹងពាក្យល្បីថា“កម្ពុជាតូច តែបេះដូងធំ ” ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្ដែងការអរគុណចំពោះកម្ពុជាថែមទៀតផង។

សូមជម្រាបថា លើកទី ២ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅអំឡុង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ដោយរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍យ៉ាងល្អនាពេលនោះ បន្ទាប់មកនៅដើមខែមករា ឆ្នាំ ២០២៤ ពោលគឺរំលងបានមួយខែ នាវាទេសចរណ៍មួយនេះបានចូលមកចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុជាលើកទី៣ផងដែរ៕

Share.