បើតាមការចេញផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានរំលឹកយ៉ាងលម្អិតពីរឿងក្ដីកិច្ចព្រមព្រៀងការលក់ក្រុមហ៊ុន Shin Corp តម្លៃ ៧៣ ម៉ឺនលានបាត ប្រមាណជា ២,២៤៦ លានដុល្លារអាមេរិក ដែលនោះគឺជាកិច្ចព្រមព្រៀងតែមួយគត់ជាដើមចមបានផ្លាស់ប្តូរជោគវាសនារបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពីការនិរទេសខ្លួនរហូតឈានដល់ ជាប់ពន្ធនាគារ និងចុងក្រោយនេះគឺជាប់ពន្ធត្រូវបង់លុយជាង១៧ ម៉ឺនលានបាត ឬប្រហែល ៥០០លានដុល្លារអាមេរិក។

ប្រភពសារព័ត៌មាននេះបានរំលឹកថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ក្រោមការចោទប្រកាន់របស់សាលដីការបស់តុលាការកំពូលថៃ លោកក៏ស្រាប់តែទទួលបានបណ្តឹងឧទ្ធរណ៍ថ្មីមួយទៀត ដោយអគ្គមេធាវីបានចេញបញ្ជាប្តឹងឧទ្ធរណ៍ ករណីបទល្មើសតាមមាត្រា ១១២ ច្បាប់ប្រមាថព្រះមហាក្សត្រ ដែលពីមុនមកតុលាការថ្នាក់ដំបូងបានលើកលែងចោទប្រកាន់រួចហើយ។ គ្រានោះកូនស្រីទី២របស់លោក គឺលោកស្រី ភិនថងថា បានបង្ហាញទឹកមុខសោកសៅ និងតានតឹងបំផុត ក្រោយការសួរសុខទុក្ខឪពុក ថែមទាំងបង្ហាញអារម្មណ៍សោកស្តាយចំពោះស្ថានភាពដែលកើតឡើង ដោយលោកស្រីបញ្ជាក់ថា ឪពុកខ្លួនមិនទទួលបានយុត្តិធម៌ និងហើយបានអះអាងថា នឹងបន្តតស៊ូក្តី ។
ប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍នោះមានព័ត៌មានថា តុលាការកំពូលបានចេញសាលដីកាសម្រេចបង្វិលសំណុំរឿងដែលនាយកដ្ឋានពន្ធដារបានប្តឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ឡើងវិញ ដោយតុលាការបានសម្រេចថា នាយកដ្ឋានពន្ធដារអាចទាមទារប្រមូលពន្ធពីការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Shin Corporation Public Company Limited រួមជាមួយ ការផាកពិន័យ និង ការទាមទារប្រាក់បន្ថែម សរុបជាទឹកប្រាក់ចំនួន ១៧ ម៉ឺនលានបាត (ប្រមាណ៥០០លានដុល្លារ) ពីលោក ថាក់ស៊ីន គឺ ស្របតាមច្បាប់ ។
ដើមចមនៃសំណុំរឿងនេះពាក់ព័ន្ធនឹងការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Shin Corporation Public Company Limited ទៅឱ្យ ក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០០៦ ។ នៅក្នុងការលក់នោះ មានការផ្ទេរភាគហ៊ុនតាមរយៈតំណាងគឺកូនៗរបស់លោក ថាក់ស៊ីន (មានកូនប្រុស និងកូនស្រី)។ កាលពីមុន តុលាការពន្ធដារកណ្តាល និង តុលាការឧទ្ធរណ៍នៃសំណុំរឿងជំនាញ ធ្លាប់បានសម្រេចឱ្យលោក ថាក់ស៊ីន ឈ្នះក្តី ដោយបានចែងថា ការវាយតម្លៃពន្ធរបស់នាយកដ្ឋានពន្ធដារ មិនស្របច្បាប់ទេ ដោយសារតែមិនបានចេញដីកាកោះហៅលោក ថាក់ស៊ីន ក្នុងនាមជាអ្នកជាប់ពន្ធចម្បងក្នុងរយៈពេលកំណត់។

តុលាការកំពូល បានមានសាលដីកា បង្វិលសាលក្រមដើម ដោយយល់ឃើញថា ការវាយតម្លៃពន្ធរបស់នាយកដ្ឋានពន្ធដារគឺជាការអនុវត្តដែល ស្របតាមច្បាប់ហើយដោយសារតុលាការកំពូលយល់ឃើញថា ការអនុញ្ញាតឱ្យកូនៗកាន់ភាគហ៊ុនជំនួស គឺជាទង្វើដែលមានចេតនាខ្វះសុចរិតភាពផ្នែកពន្ធដារ។ ចាប់ពីពេលនេះតទៅ នាយកដ្ឋានពន្ធដារ ត្រូវតែបន្ត អនុវត្តការកាត់ក្តី ដើម្បីទាមទារប្រមូលពន្ធក្នុងចំនួនទឹកប្រាក់ដែលបានបញ្ជាក់នោះ ដែលរួមបញ្ចូលទាំងការពិន័យ និងការប្រាក់បន្ថែម សរុបជាទឹកប្រាក់ ១៧ម៉ឺនលានបាត (ប្រមាណ៥០០លានដុល្លារ)។ គេរំពឹងថា វានឹងចំណាយពេលប្រហែល ១ ទៅ ២ ខែ ដើម្បីចេញដីកាអនុវត្តការកាត់ក្តី។
ហេតុការណ៍ចាប់ផ្ដើមប្ដូរជោគវាសនាលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឱ្យនិរទេសខ្លួន និងគេចចេញពីរឿងក្តីទៅជ្រកកោននៅក្រៅប្រទេស នោះគឺផ្តើមចេញពីប្រភពគ្រួសាររបស់លោកដែលបានលក់ភាគហ៊ុនក្រុមហ៊ុន Shin Corp ទាំងស្រុងទៅឱ្យក្រុមហ៊ុន Temasek Holdings នេះឯង។ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនោះគឺ ការកែប្រែច្បាប់ប្រតិបត្តិការទូរគមនាគមន៍ថ្មី បានចូលជាធរមានត្រឹមតែ ៣ ថ្ងៃ មុនកិច្ចព្រមព្រៀងលក់នោះតែម្ដង។ ការកែច្បាប់ថ្មីនោះបានអនុញ្ញាតឱ្យវិនិយោគិនបរទេសកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ថៃបានដល់ ៤៩% ពីមុនមានត្រឹមតែ ២៥%។ ការលក់ភាគហ៊ុនដ៏មហាសាលទៀតសោត មានប្រយោជន៍ពីការលើកលែងពន្ធ ព្រោះច្បាប់ពន្ធដារចែងថា កម្រៃចំណេញពីការលក់ភាគហ៊ុនតាមរយៈផ្សារមូលបត្ររបស់បុគ្គលធម្មតាត្រូវបានលើកលែង។

យ៉ាងណាមិញ ព្រឹត្តិការណ៍នេះក្លាយជា ភ្លើងរាលដាលនាំឱ្យមានចលនាប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយរហូតឈានទៅដល់ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាបាល ថាក់ស៊ីន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០០៦ និងបន្តទៅសំណុំរឿងជាច្រើនឆ្នាំងែមទៀត។ តុលាការកំពូលបានសម្រេច រឹបអូសទ្រព្យសម្បត្តិលោក ថាក់ស៊ីន ចំនួន ៤៦.៣៧៣ លានបាត និងបានសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៥ ឆ្នាំ ក្នុងសំណុំរឿង ផ្ទេរហ៊ុនតាមរយៈអ្នកតំណាងកាន់កាប់ភាគហ៊ុនរបស់ Shin Corp។
រហូតដល់នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តុលាការកំពូលបានសម្រេចឱ្យអគ្គនាយកដ្ឋានពន្ធដារអាចទារពន្ធជាង ៥០០លានដុល្លារពីលោក ថាក់ស៊ីន ដែលជាសេចក្តីសន្និដ្ឋានមួយទៀតនៃសំណុំរឿងក្តីដែលបន្តពីកិច្ចព្រមព្រៀងឆ្នាំ២០០៦។ បច្ចុប្បន្នក្រុមហ៊ុន Shin Corp បានប្តូរឈ្មោះទៅជា Intouch Holdings ហើយរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនបានផ្លាស់ប្តូរដៃកាន់ជាច្រើនលើក។ ក្នុងនោះនៅឆ្នាំ២០២១ ក្រុមក្រុមហ៊ុន Gulf Energy Development ក៏បានទិញភាគហ៊ុននិងឡើងធ្វើជាម្ចាស់ភាគហ៊ុនធំថ្មីនៃក្រុមហ៊ុននេះផងដែរ៕

