នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរួមមានប្រទេសមហាអំណាចធំៗ ជាសមាជិកក្រុមប្រឹក្សា បានបោះឆ្នោតទទួលស្គាល់ និងគាំទ្រ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងទៅតាមការផ្សព្វផ្សាយដោយសេតវិមាន។

ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ សេតវិមាន បានលើកឡើងថា៖ សូមអបអរសាទរដល់ពិភពលោក ចំពោះ ការបោះ ឆ្នោតដ៏អស្ចារ្យ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីប៉ុន្មាននាទីមុននេះ ដែលបាន ទទួលស្គាល់ និងគាំទ្រ នូវ ក្រុមប្រឹក្សាសន្តិភាព (BOARD OF PEACE) ដែលនឹងត្រូវដឹកនាំដោយខ្ញុំ (លោក ត្រាំ) និងរួមបញ្ចូលនូវមេដឹកនាំដ៏មានឥទ្ធិពល និងគួរឱ្យគោរពបំផុតនៅទូទាំងពិភពលោក។
ព្រឹត្តិការណ៍នេះនឹងត្រូវបានកត់ត្រាទុកជា ការអនុម័តដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ ដែលនឹងនាំទៅរក សន្តិភាពបន្ថែមទៀតទូទាំងពិភពលោក ហើយជាពេលវេលាដែលមាន សារៈសំខាន់ជាប្រវត្តិសាស្ត្រពិតប្រាកដ! សូមអរគុណដល់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសទាំងអស់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមាន៖ ចិន រុស្ស៊ី បារាំង ចក្រភពអង់គ្លេស អាល់ហ្សេរី ដាណឺម៉ាក ក្រិក ហ្គីយ៉ាណា កូរ៉េខាងត្បូង ប៉ាគីស្ថាន ប៉ាណាម៉ា សៀរ៉ាឡេអូន ស្លូវេនី និងសូម៉ាលី។

សូមអរគុណផងដែរចំពោះបណ្តាប្រទេសដែលមិនមែនជាសមាជិកនៃគណៈកម្មាធិការនេះ ប៉ុន្តែបាន គាំទ្រយ៉ាងខ្លាំងក្លា ចំពោះកិច្ចខិតខំប្រឹងប្រែងនេះ រួមមាន៖ កាតា អេហ្ស៊ីប អារ៉ាប់រួម ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ឥណ្ឌូនេស៊ី តួកគី និងហ្ស៊កដានី។ សមាជិកនៃក្រុមប្រឹក្សានេះ និងសេចក្តីប្រកាសដ៏គួរឱ្យរំភើបជាច្រើនទៀត នឹងត្រូវបានប្រកាសក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការបោះឆ្នោតគាំទ្រ ក្រុមប្រឹក្សាសន្តិភាពដែលផ្ដួចផ្ដើម ដោយប្រធានាធិបតី ត្រាំ ពីប្រទេសមហាអំណាចធំៗនេះ បានស្ដែងឱ្យឃើញថាមេដឹកនាំពិភពលោក ចង់ឱ្យប្រទេសទាំងអស់បញ្ចប់អរិយភាព ដែលនាំមកនូវតែការបាត់បង់ ខូចខាត និងបន្សល់ទុកនូវតែសោកនាដកម្ម និងការព្រាត់ប្រាសក្រុមគ្រួសារ។

សង្ឃឹមថា ដំណឹងដ៏ល្អនេះ នឹងជាពន្លឺមួយដែលនាំឱ្យប្រទេសកម្ពុជា ដែលកំពុងតែរងញាំញីដោយសារតែប្រទេសថៃ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ទទួលបានយុត្តិធម៌ និងរួចផុតពីការធ្វើទុក្ខម្នេញនានាពីសំណាក់យោធាថៃ និងក្រុមជ្រុលនិយមរបស់ថៃ៕

