ភ្នំពេញ ៖ ពិធីបើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្រោមប្រធានបទ «គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌»

សន្និសីទដ៏សំខាន់នេះ មានការចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា តំណាងដៃគូអភិវឌ្ឍ អ្នកសិក្សាជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀននៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍិមកពីអនុវិស័យបឋមសិក្សា និងមធ្យមសិក្សា ចំនួន ២០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៥០០នាក់

សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖

  • លើកកម្ពស់ឧត្តមានុវត្តន៍ តាមរយៈការចែករំលែកយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធភាព។
  • ផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងការអនុវត្ត ដោយបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះជាក់ស្តែង។
  • ជំរុញការអប់រំឌីជីថល តាមរយៈការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថល ដើម្បីបង្កើនការចូលរួម និងលទ្ធផលសិក្សារបស់សិស្ស។
  • បង្កើតគំនិតផ្តួចផ្តើមសហការរួមគ្នា ជាវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំគោលនយោបាយ និងទស្សនៈវិស័យសាលារៀន។
  • កែលម្អស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន តាមរយៈការស្វែងរកយុទ្ធសាស្ត្រកែលម្អគុណវុឌ្ឍិ ការគាំទ្រជាប្រព័ន្ធ ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងារ។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តគម្រោងមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៥ ឆ្នាំ២០២៥ (GPE5) និងចំណាប់អារម្មណ៍របស់តំណាងដៃគូអភិវឌ្ឍ GPE និងតំណាង UNESCO រួចមក រដ្ឋមន្ត្រីក្រសួងអប់រំបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ដៃគូអភិវឌ្ឍ ក្រុមការងារក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគ្រូបង្រៀន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជំរុញឱ្យកំណែទម្រង់វិស័យអប់រំសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រធានបទនៃសន្និសីទនេះ បង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា។ ការផ្តោតសំខាន់គឺលើការប្រើប្រាស់ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការរីកចម្រើននៃបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀន។

បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន ដោយមើលឃើញថា នវានុវត្តន៍នេះនឹងផ្តល់នូវភាពងាយស្រួលដល់ការបង្រៀន ការរៀន ការស្រាវជ្រាវ និងការងាររដ្ឋបាលសិក្សា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានសង្កត់ធ្ងន់ផងដែរថា ការអភិវឌ្ឍគ្រូបង្រៀនទាមទារនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។

ហេតុនេះហើយ ទើបគោលនយោបាយស្តីពីគ្រូបង្រៀនត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី៖

  1. ទាក់ទាញ និងលើកទឹកចិត្ត អ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន។
  2. ធានាការបណ្តុះបណ្តាល មុនពេលបម្រើការងារជាគ្រូបង្រៀន។
  3. ធានាការអភិវឌ្ឍវិជ្ជាជីវៈ គ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ។
  4. ធានាលក្ខខណ្ឌចាំបាច់ ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការចែករំលែកជាអតិបរមាពីវាគ្មិនជំនាញ តាមរយៈកិច្ចពិភាក្សា និងបទបង្ហាញ ដែលពោរពេញទៅដោយទស្សនាទានល្អៗសម្រាប់យកទៅអនុវត្តដាក់ចេញជាសកម្មភាពជាក់ស្តែងនៅក្នុងថ្នាក់រៀន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងក្លាយជាប្រភពនៃគំនិតថ្មីៗ កិច្ចសហប្រតិបត្តិការថ្មីៗ និងជំរុញទឹកចិត្តគ្រូបង្រៀនទាំងអស់ឱ្យបន្តបេសកកម្មផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ក្នុងបុព្វហេតុកសាងធនធានមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ៕

អត្ថបទ៖ត្រយង

Share.