(បាត់ដំបង)៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទៅជួបសួរសុខទុក្ខពលការិនីខ្មែរម្នាក់ដែលត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់រំលោភបូកយ៉ាងសាហាវព្រៃផ្សៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ពិធីជួបសួរសុខទុក្ខនេះ ក៏មានការចូលរួមពីតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA), មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) របស់គម្រោង ILO-PROTECT និងតំណាងក្រុមការងារយុវជន ESEA ផងដែរ។

ពលការិនីរងគ្រោះរូបនេះត្រូវបានក្រុមទាហានឈុតខ្មៅថៃធ្វើសកម្មភាពដ៏យង់ឃ្នង និងគ្មានមនុស្សធម៌កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលរូបគាត់ និងពលរដ្ឋកម្ពុជា ១២នាក់ផ្សេងទៀតកំពុងធ្វើដំណើរឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា។

ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលការិនីខ្មែរ បន្ទាប់ពីមានការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិពលករទេសន្តរប្រវេសន៍យ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងជាពិសេសអំពើថោកទាបរំលោភសេពសន្ថវៈ (រំលោភបូក) ទៅលើពលករខ្មែរជាស្រ្តី ១រូប។

ឯកឧត្តម សេង សក្តា បានអះអាងថា ក្រសួងការងារនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានណែនាំនិងក្រើនរំលឹកសារជាថ្មីដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ សូម៖

  • បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និងការរើសអើងនានា។
  • ជ្រើសរើសការទាក់ទងមកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។

អត្ថបទ៖ត្រយង

Share.