ប៉េកាំង៖ អ្នកវិភាគអាកាសចរណ៍បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារនេះថា សំបុត្រយន្តហោះប្រហែល ៥០០,០០០សំបុត្រទៅកាន់ប្រទេសជប៉ុន ត្រូវបានលុបចោលដោយអ្នកដំណើរជនជាតិចិន បន្ទាប់ពីទីក្រុងប៉េកាំង បានព្រមានពលរដ្ឋរបស់ខ្លួនមិនឱ្យទៅទីនោះ ខណៈប្រទេសទាំង២ កំពុងជាប់គាំងនៅក្នុងជម្លោះនយោបាយការទូត។​ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Japan Today នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រទេសទាំងពីរបានជួបបញ្ហាចម្រូងចម្រាស ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុនអាចនឹងប្រើប្រាស់យោធារបស់ខ្លួន ប្រសិនបើមានជម្លោះនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

យ៉ាងណាម៉ិញ នៅពេលមានការខ្វែងគំនិតគ្នា ប្រទេសចិនបានឆ្លើយតបយ៉ាងខ្លាំង ដោយព្រមានជប៉ុន កុំឱ្យជ្រៀតជ្រែក និងបង្កការប៉ះទង្គិចខាងការទូតជាបន្តបន្ទាប់។ ជាមួយគ្នា រដ្ឋាភិបាលចិន បានព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុននោះទេ។

លោក Li Hanming អ្នកវិភាគអាកាសចរណ៍ឯករាជ្យ ដែលបានចងក្រងទិន្នន័យប្រចាំថ្ងៃស្តីពីការកក់ជើងហោះហើរសកម្មរបស់អ្នកដំណើរចិន ពីក្រុមហ៊ុនអាកាសចរណ៍ធំៗ បានឱ្យដឹងថា ការលុបចោលសំបុត្រហោះហើរកើនឡើងខ្ពស់ ចាប់តាំងពីឆ្នាំ២០២៣ ដោយនិយាយថា ការព្រមាននោះមានឥទ្ធិពលយ៉ាងខ្លាំង។

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនកំពុងរងការខាតបង់ប្រាក់ច្រើន ព្រោះប្រហែល ៧០% នៃសំបុត្រដែលត្រូវបានលុបចោលគឺជាការធ្វើដំណើរទៅមក។ ដើម្បីជួយអ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិន កំពុងផ្តល់ប្រាក់សងវិញ ឬការផ្លាស់ប្តូរដោយឥតគិតថ្លៃសម្រាប់ជើងហោះហើរដែលបានកក់រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រុមហ៊ុនទេសចរណ៍ដែលគ្រប់គ្រងដោយរដ្ឋដ៏ធំមួយ បានដកជម្រើសការធ្វើដំណើររបស់ប្រទេសជប៉ុន ទាំងអស់ចេញពីកម្មវិធីរបស់ខ្លួន ខណៈដែលទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង មួយផ្សេងទៀតបាននិយាយថា ខ្លួនលែងទទួលយកការកក់ទៅកាន់ប្រទេសជប៉ុនទៀតហើយ។

សូមជម្រាបថា អ្នកទេសចរចិន គឺជាប្រភពដ៏ធំបំផុតនៃភ្ញៀវទេសចរទៅកាន់ប្រទេសជប៉ុន ដែលមានជិត ៧.៥លាននាក់មកទស្សនាក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះបើយោងតាមតួលេខរបស់ជប៉ុន។ ប្រទេសជប៉ុន ប្រមូលប្រាក់បានច្រើនជាងមួយពាន់លានដុល្លារក្នុង១ខែ នៅក្នុងត្រីមាសទី៣ ដែលស្មើនឹងជិត៣០ភាគរយ នៃការចំណាយរបស់ភ្ញៀវទេសចរទាំងអស់។ ដូច្នេះការធ្លាក់ចុះនៃកំណើនភ្ញៀវទេសចរចិន ដោយសារតែការព្រមានពីរដ្ឋាភិបាលចិន អាចបង្កផលប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសជប៉ុនផងដែរ៕

ប្រភព៖ Japan Today

Share.