ស្វាយរៀង ៖ ជនជាប់ទោសចំនួន៦នាក់ និងស្ត្រីសង្ស័យម្នាក់ ប្រើប្រាស់អាវុធខ្លី បាញ់លើសមត្ថកិច្ច រំដោះខ្លួនរត់គេចចេញពីតុលាកាខេត្តស្វាយរៀង កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានជាបន្តបន្ទាប់ គិតមកដល់ព្រលប់ថ្ងៃដដែលនេះ ចាប់ខ្លួនបានទាំង៧នាក់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងតាមស្វែងរកចាប់ជនជាប់ទោស និងជនសង្ស័យ ទីបំផុតនៅព្រលប់ថ្ងៃដដែល ក្រុមជនទាំងនោះ ត្រូវបានចាប់ខ្លួនបាន៦នាក់បន្ថែមទៀត នៅវាលស្រែ ក្បែរវត្តសំបួរ ភូមិព្រៃសង្ឃ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មនុកើតហេតុ គេឃើញរថយន្ត សេរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CA-0692 បើកទៅឈប់នៅខាងមុខតុលាកាខេត្តស្វាយរៀងតាំងពីពេលព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមិនដឹងថាក្នុងរថយន្តមានគ្នាប៉ុន្មាននាក់នោះទេ លុះដល់វេលាម៉ោង៩ព្រឹក ថ្ងៃដដែល រថយន្តពន្ធនាគារដឹកអ្នកជាប់ទោសបានចូលទៅក្នុងតុលាការ ស្រាប់តែផ្អើលឆោឡោ ដោយមានគេចូលរំដោះអ្នកទោសរត់គេច ហើយត្រូវបានកម្លាំងសមត្ថកិច្ច សន្តិសុខ រារាំងចាប់ តែត្រូវបានក្រុមអ្នករំដោះអ្នកទោស និងជនជាប់ទោសព្រួតវាយលើកសមត្ថកិច្ច សន្តិសុខ ហើយរត់ឡើងជិះរថយន្ត មួយគ្រឿងដែលឈប់ចាំខាងមុខស្រាប់ និងបាញ់គម្រាមលើសមត្ថកិច្ច ហើយបើកគេចទៅបាត់។

តាមកាមេរ៉ាសុវត្តិភាព ឃើញថា មានស្ត្រីសង្ស័យម្នាក់ ជាអ្នកផ្តល់អាវុធឱ្យទៅអ្នកទោស គ្រាដែលរថយន្តពន្ធនាគារដឹកទៅដល់បរិវេណតុលាការ គ្រាន់តែអ្នកទោសចុះពីលើរថយន្ត ស្ត្រីសង្ស័យហុចអាវុធឱ្យ ហើយបាញ់លើសមត្ថកិច្ច ហើយនាំគ្នារត់ចេញ៦នាក់ រួមទាំងស្ត្រីសង្ស័យម្នាក់ សរុបគ្នា៧នាក់ ឡើងជិះរថយន្ត បើកគេចខ្លួន ខណៈកំពុងគេចខ្លួននោះ ក្រុមជនសង្ស័យបានទម្លាក់អ្នកទោស៥នាក់ និងស្ត្រីម្នាក់ឱ្យុចុះគេចខ្លួន ហើយរថយន្តបន្តបើកគេច រហូតដល់ចំណុចភូមិតាលាង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ទើបសមត្ថកិច្ចចាប់បានអ្នកទោសម្នាក់ ជាជនជាតិវៀតណាម រថយន្តធ្លាក់ចូលក្នុងប្រឡាយតែម្យង ៕

Share.