សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ដឹកនាំដោយ ឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធ និង​លោក Jasper Martijn PAAS អនុប្រធានទី១ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយ លោក Fahad AL SHAMSI អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វីបអាស៊ី ។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងអំឡុងពេលការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅប្រទេសបារ៉ែន។

អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ថា កម្ពុជាជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦។ ជាផ្នែកមួយនៃពិធីនេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) បានបង្ហាញសៀវភៅស្តីអំពីតំបន់ទេសចរណ៍នៃខេត្តសៀមរាប ដែលសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់។

ឯកឧត្តម ថោង បញ្ញាធន បានចែករំលែកក្តីរំភើបអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះថា៖ “យើងមានមោទនភាពយ៉ាងខ្លាំងដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដំបូងគេ ទទួលបានការអនុញ្ញាតពីសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) អនុញ្ញាតឱ្យយើងរៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិកម្រិតតំបន់ នៅក្នុងប្រទេសកម្ពុជា។ យើងទទួលបានសមិទ្ធផល យ៉ាងធំធេងពីការប្រកួតកន្លងមក រួមទាំងការប្រកួតកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះជំហានបន្ទាប់ក្នុងការអភិវឌ្ឍស៊ីជម្រៅសម្រាប់កីឡាជឺជីតស៊ូនៅកម្ពុជា”។

ឯកឧត្តម បាន​បន្ត​ថា៖ “ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍មានភាពរីកចម្រើនជារៀងរាល់ឆ្នាំ។ ការប្រកួតកាលពីឆ្នាំមុននៅប្រទេសហ្វីលីពីនបានស្វាគមន៍អត្តពលិកជាង ៥០០នាក់មកពីទូទាំងតំបន់។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាបគឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូ នៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ អំពីភាពផូផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធដើម្បីរៀបចំការងារនេះឱ្យបានរលូន ហើយនឹងកំពុងស្វែងរកដៃគូសហការ និងអ្នកឧបត្ថម្ភដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់”។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC) ក៏​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ កីឡាជឺជីតស៊ូនៅទ្វីបអាស៊ី។ ក្នុង​នោះ​ផង​ដែរ JJFC ក៏ទន្ទឹងរង់ចាំស្វាគមន៍ ប្រតិភូ គ្រូបង្វឹក អត្តពលិក និងអ្នកចូលរួមទាំងអស់មកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦ ខាងមុខនេះ៕

Share.