ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបានព្រមានជាសាធារណៈថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ទៅលើម្ចាស់គណនី TikTok ឈ្មោះ “ហង្ស ដាណេ” (HONG DANETH) បន្ទាប់ពីបុគ្គលរូបនេះ បានផ្សព្វផ្សាយវីដេអូដែលមានខ្លឹមសារ ព័ត៌មានបំភាន់ បំភ្លៃការពិត និងបរិហារកេរ្តិ៍ ទៅលើក្រុមហ៊ុន Diamond Sky Entertainment ដែលជាស្ថាប័នស្របច្បាប់មួយ។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តាញសង្គម គឺជាទង្វើខុសច្បាប់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសន្តិសុខសង្គម។
មន្ទីរប្រឆាំងគ្រឿងញៀន បានអំពាវនាវជាបន្ទាន់ដល់ម្ចាស់គណនី TikTok ឈ្មោះ “ហង្ស ដាណេ” ត្រូវ៖
- បញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពនៃការផ្សព្វផ្សាយវីដេអូ ឬខ្លឹមសារដែលមានចរិតលក្ខណៈបំភាន់ បំភ្លៃ និងបរិហារកេរ្តិ៍តទៅទៀត។
- ចូលខ្លួនមកដោះស្រាយ តាមការកោះហៅរបស់សមត្ថកិច្ច នៅមន្ទីរប្រឆាំងគ្រឿងញៀន ស្ថិតក្រោមការអនុវត្តច្បាប់។
យោងតាមសេចក្តីថ្លែងការណ៍ដដែល សមត្ថកិច្ចបានគូសបញ្ជាក់ថា៖ “ក្នុងករណីដែលម្ចាស់គណនីមិនព្រមបញ្ឈប់សកម្មភាព និងមិនចូលខ្លួនមកដោះស្រាយតាមការអំពាវនាវនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃមន្ទីរប្រឆាំងគ្រឿងញៀន នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវផ្តន្ទាទោសទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ”។
បទល្មើសទាំងនេះ អាចជាប់ពាក់ព័ន្ធនឹងបទ បរិហារកេរ្តិ៍ជាសាធារណៈ ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត ពាក់ព័ន្ធនឹងច្បាប់ស្តីពីទូរគមនាគមន៍ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានធ្វើការអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះរាល់ការបង្ហោះខ្លឹមសារណាមួយ។ សមត្ថកិច្ចបានសង្កត់ធ្ងន់ថា៖ “សូមហាមដាច់ខាតការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំភ្លៃការពិត ឬបរិហារកេរ្តិ៍ ដែលអាចបង្កឱ្យមានភាពវឹកវរក្នុងសង្គម និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ”។
មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានយ៉ាងដិតដល់ចំពោះរាល់សកម្មភាពផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានចរិតលក្ខណៈអវិជ្ជមាន និងប៉ះពាល់ដល់សន្តិសុខសង្គម៕




