វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥ ប្រព្រឹត្តទៅ ក្រោមប្រធានបទ៖ “ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អ.យ.ក., សាកលវិទ្យាធិការ, សាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន, តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសិស្សានុសិស្ស។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ដែលបានសហការរៀបចំកម្មវិធីនេះឡើង។ គោលបំណងសំខាន់នៃវេទិកានេះគឺ៖
- ពង្រឹងសមត្ថភាព និងគុណភាពមូលធនមនុស្ស។
- បង្កើត និងពង្រឹងប្រព័ន្ធអេកូស៊ីស្រាវជ្រាវ លើការអប់រំស្ទែម (STEM) និងការស្រាវជ្រាវ។
- លើកកម្ពស់វប្បធម៌សិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងត្រៀមខ្លួនរបស់យុវជនដើម្បីចាប់យកការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល និង បញ្ញាសិប្បនិម្មិត (AI) នៅកម្រិតឧត្តមសិក្សា ដើម្បីបម្រើផលប្រយោជន៍ជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីអាទិភាពកំណែទម្រង់គន្លឹះដែលក្រសួងកំពុងយកចិត្តទុកដាក់អនុវត្តគឺ ការអប់រំឌីជីថល និង ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា៖
- ការអប់រំឌីជីថល៖ បញ្ចូលបច្ចេកវិទ្យាទៅក្នុងការសិក្សា ដើម្បីបរិវត្តកម្មសេដ្ឋកិច្ចសង្គមឌីជីថល និងទាញយកប្រយោជន៍ពីការរីកចម្រើនបច្ចេកវិទ្យាជាសកល។
- ការបង្កើតមជ្ឈមណ្ឌលឧត្តមភាព៖ គ្រឹះស្ថានឧត្តមសិក្សាត្រូវពង្រឹងអភិបាលកិច្ច, លើកកម្ពស់គុណវុឌ្ឍិសាស្រ្តាចារ្យ (បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត), ជំរុញការស្រាវជ្រាវ, សហគ្រិនភាព និងនវានុវត្តន៍។
ការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌
ក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿននេះ, AI បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្លាស់ប្តូរពិភពលោក រួមទាំងវិស័យអប់រំ តាមរយៈការសិក្សាផ្ទាល់ខ្លួន (Personalized Learning) និងការផ្តល់មតិកែលម្អភ្លាមៗ។ AI កំពុងជួយបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ប្រកបដោយសមត្ថភាពស្រាវជ្រាវខ្ពស់។
ទោះជាយ៉ាងនេះក្តី, ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ ប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដោយ៖
- ផ្តោតលើភាពចាំបាច់នៃការ ទទួលខុសត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីឥទ្ធិពលបច្ចេកវិទ្យាឌីជីថល។
- បណ្តុះបណ្តាលនិស្សិតឱ្យមាន ការគិតពិចារណាដោយភាពវាងវៃ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើ AI និងអាចវិនិច្ឆ័យភាពត្រឹមត្រូវនៃព័ត៌មានដែលបង្កើតដោយ AI។

ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ឱ្យយកចិត្តទុកដាក់ បញ្ចូលជំនាញ AI ក្នុងកម្មវិធីសិក្សា, វិធីសាស្រ្តបង្រៀន, ការវាយតម្លៃការសិក្សាបែបឌីជីថល, ជំរុញការបណ្តុះបណ្តាលគ្រូលើជំនាញឌីជីថល និងរៀបចំបណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបណ្តុះមូលធនមនុស្សដែលមានជំនាញឌីជីថល, ជំនាញស្រាវជ្រាវ និងជំនាញឯកទេស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល៕



អត្ថបទ៖ត្រយង
