ទីបំផុតអ្នកកាសែតអនឡាញ២រូប នៅខេត្តស្វាយរៀង ឈ្មោះ ផាត់ ហ៊ន និងឈ្មោះ ខាន់ សារ័ត្ន ដែលសាធារណជនរិះគន់យ៉ាងចាស់ដៃ ចំពោះការនិយាយស្ដី និងប្រើកាយវិការប៉ះពាល់លើសិទ្ធិ និងសេចក្ដីថ្នូរជនសង្ស័យជាស្ត្រីជនជាតិវៀតណាម ក្នុងពេលផ្សាយព័ត៌មាននោះ ត្រូវបានមន្ត្រីស្ថាប័នជំនាញចំនួន២ គឺមន្ទីរព័ត៌មាន និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អញ្ជើញមកបំភ្លឺ និងតម្រូវឱ្យធ្វើកិច្ចសន្យាហើយ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សម្រាប់នីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្ត លោក ទូច សុឃៈ បានឱ្យដឹងថា ជនទាំងពីរបានទទួលការអប់រំណែនាំ និងបង្ហាញអំពីគោលការណ៍មួយចំនួន នៃការផ្សាយព័ត៌មានពាក់ព័ន្ធការងារសន្តិសុខសង្គម ជាពិសេសក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបបទល្មើស ដែលត្រូវយល់ដឹងអំពីការប្រើពាក្យពេចន៍ ឫកាយវិការ ពោលគឺបើមិនប្រយត្នទេ នឹងអាចឈានចូលទៅដល់បទល្មើសផ្សេងៗ និងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញទៀតផង។

លោក ទូច សុឃៈ អះអាងថា នៅចំពោះមុខសមត្ថកិច្ច  អ្នកសារព័ត៌មានទាំងពីរ បានថ្លែងទទួលយកការអប់រំណែនាំ ព្រមទាំងទទួលស្គាល់កំហុសឆ្គងដែលខ្លួនប្រព្រឹត្ត។ ក្នុងនោះពួកគេទាំងពីរនាក់បានសន្យាថានឹងផ្សាយផ្ទាល់តាមបណ្ដាញសង្គម ដើម្បីបកស្រាយបញ្ជាក់ថាសកកម្មភាព ទាំងការលូកដៃប៉ះថ្ពាល់ និងការប្រើប្រាស់សម្តីលេបខាយលើនារីជាជនសង្ស័យនោះ មិនមែនជាសកម្មភាពដែលចេញពីខាងកងកម្លាំងនគរបាល ក្រសួងមហាផ្ទៃនោះទេ គឺជាសកម្មភាពរបស់ក្រុមអ្នកសារព័ត៌មានតែប៉ុណ្ណោះ។

សូមជម្រាបជូនថា ជនជាប់ទោសចំនួន៦នាក់ និងស្ត្រីសង្ស័យម្នាក់ ប្រើប្រាស់អាវុធខ្លី បាញ់លើសមត្ថកិច្ច រំដោះខ្លួនរត់គេចចេញពីតុលាកាខេត្តស្វាយរៀង កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានជាបន្តបន្ទាប់ គិតមកដល់ព្រលប់ថ្ងៃដដែលនេះ ចាប់ខ្លួនបានទាំង៧នាក់ ៕

Share.