បាងកក៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី២០ ខែវិច្ឆិកា នេះថា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នថៃ លោក Anutin Charnvirakul ក្នុងតួនាទីជាប្រធានគណបក្ស Bhumjaithai (BJT) កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានបង្ហាញបេក្ខភាពឈរឈ្មោះប្រជែងយកតំណែងនាយករដ្ឋមន្ត្រី៣រូប របស់គណបក្សនេះ ដោយនិយាយថា ប្រសិនបើកិច្ចប្រជុំអាចដំណើរការបាននៅថ្ងៃអាទិត្យនេះ ការតែងតាំងនឹងត្រូវបានដាក់ស្នើភ្លាមៗ ដោយរង់ចាំការបញ្ជាក់ចុងក្រោយនៃកាលកំណត់។

ថ្លែងនៅវិមានរដ្ឋាភិបាល លោក Anutin បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានតែងតាំង គឺមានខ្លួនលោកផ្ទាល់, រួមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Ekniti Nitithanprapas និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun ។


នាយករដ្ឋមន្រ្តីលើកបន្ដុប និងក្នុងនាមជាមេបក្សកំពុងកាន់អំណាចរូបនេះ បន្ថែមទៀតថា «ឈ្មោះបេក្ខជនទាំង៣ ត្រូវតែដាក់ស្នើជាផ្លូវការទៅកាន់មហាសន្និបាតរបស់គណបក្ស»។

បើតាមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Burapha បាននិយាយថា ការបង្ហាញមុខបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្រ្តី របស់គណបក្សភូមិចៃថៃ ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តដោយចេតនា ដើម្បីដោះស្រាយភាពទន់ខ្សោយដែលមានរយៈពេលយូរ និងដើម្បីធ្វើឱ្យមុខមាត់គណបក្សទទួលបានការគាំទ្រឡើងវិញមុនការបោះឆ្នោតសកលនៅឆ្នាំ២០២៦ ខាងមុខនេះ៕

