ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានសម្តែងនូវក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំង ចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានកើតឡើងនៅខេត្តកំពង់ធំ បណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋស្លាប់ ១៣នាក់ និងរបួសជាង ២០នាក់។
សោកនាដកម្មដ៏រន្ធត់នេះ បានកើតឡើងដោយរថយន្ដក្រុងដឹកអ្នកដំណើរពេលយប់ ១គ្រឿង ដែលផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម អភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា៖ «ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម… ខ្ញុំក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់»។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ «សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍។ ខ្ញុំយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់»។
ក្នុងន័យនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចសំខាន់ៗដូចខាងក្រោម៖
- កុំបើកបរហួសល្បឿនកំណត់ ៖ ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ។
- កុំបើកបរក្នុងស្ថានភាពស្រវឹង ៖ គ្រឿងស្រវឹង បណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន។
- ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់ ៖ ឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបាន ពេលមានគ្រោះថ្នាក់។
- កុំវ៉ាជែងដោយប្រថុយប្រថាន ៖ ត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថាមិនមានគ្រោះថ្នាក់។
- ប្រកាន់ស្តាំជានិច្ច ៖ ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់៖ - យុទ្ធនាការអប់រំ ៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយ។
- ត្រួតពិនិត្យយានយន្ត ៖ ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ។
- កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម ឬកែលម្អសភាពផ្លូវ។


ជាទីបញ្ចប់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានរំលឹកដល់បងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវថា៖ «ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា “កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ”»៕

