កំពង់ចាម÷ នៅព្រឹកម៉ោងប្រហែល ៥:០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានកើតមានករណីឃាតកម្មសាហាវ មួយ បណ្ដាលឲ្យស្លាប់មនុស្សសរុប០៩នាក់ ក្នុងនោះមានសមាជិកគ្រួសារ និងសាច់ញាតិជាច្រើននាក់។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ សុបិន្ត មិនា អាយុ២១ឆ្នាំ រស់នៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ហាក់មានស្មារតីមិនប្រក្រតី។

តាមលិខិតរដ្ឋបាលខេត្តបានបញ្ជាក់ទៀតថា ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នា ដូច្នេះ បញ្ហាឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ ហើយ មូលហេតុដែលនាំទៅដល់ការបង្កើតឲ្យមានឃាតកម្មនេះ គឺ ជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”។

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ធ្វើការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុ ញៀនឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់ បន្ថែមទៀត ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ និងអនុវត្តនីតិវិធីតាមច្បាប់៕

អត្ថបទ÷អាចារ្យលាក់

Share.