នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងបដិសេធការចោទប្រកាន់ពីក្រុមបាតុករថៃថា លោកបានជ្រៀតជ្រែកក្នុងជម្លោះព្រំដែនរវាងប្រទេសថៃជាមួយកម្ពុជា ដោយលោកបានអះអាងថា ម៉ាឡេស៊ីរក្សាជំហរអព្យាក្រឹត្យក្នុងការសម្របសម្រួលកិច្ចចរចារវាងប្រទេសទាំងពីរ។

លោក អាន់វ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងយ៉ូហានណេសបឺគ អាហ្វ្រិកខាងត្បូង អំឡុងពេលលោកបានចូលរួមកិច្ចប្រជុំកំពូល G20 សម្រាប់ឆ្នាំនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា៖ «ខ្ញុំសូមឱ្យបញ្ជាក់ឱ្យច្បាស់ថា ទីមួយ ក្នុងនាមជាប្រទេសជិតខាង យើងពិតជាមានការព្រួយបារម្ភអំពីជម្លោះនេះ ប៉ុន្តែយើងមិនបានចូលរួមជ្រៀតជ្រែកនោះឡើយ»។
លោក អាន់វ៉ា បានថ្លែងបន្តថា៖ «យើងគ្រាន់តែចូលរួមសម្របសម្រួលប៉ុណ្ណោះ ដើម្បីជួយពួកគេឱ្យសម្រេចបាននូវការដោះស្រាយ ឬដំណោះស្រាយប្រសើរមួយចំពោះជម្លោះរបស់ពួកគេ (ថៃ-កម្ពុជា)។ យើងមិនបានផ្តល់អនុសាសន៍ជាក់លាក់ណាមួយអំពីរបៀបដែលពួកគេគួរតែដោះស្រាយបញ្ហារបស់ពួកគេឡើយ។ ប្រទេសទាំងពីរចាត់ទុកម៉ាឡេស៊ីជាមិត្តប៉ុណ្ណោះ»។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បាននិយាយបញ្ជាក់ជាមួយពួកគេផងដែរ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ៕

