ពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2025-26 បានរកឃើញម្ចាស់ជើងឯក ជាផ្លូវការ ក្រោយបិទបញ្ចប់រដូវកាលនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយក្រុមនារីភ្នំពេញក្រោន ក្រោយយកឈ្នះក្រុមនារីបឹងកេត ៨-០ មានពិន្ទុលើសគេ។
ឆ្លងកាត់ពេញមួយរដូវកាលឆ្នាំ២០២៥ ក្រុមនារីភ្នំពេញក្រោន ក្រោមការដឹកនាំរបស់អ្នកគ្រូ ម៉ៅ សាវីន ឆ្លងកាត់ ១៤ប្រកួតមិនស្មើ មិនចាញ់សោះ ស៊ុតបាន ១២២គ្រាប់របូតវិញតែមួយគ្រាប់ប៉ុណ្ណោះពេលប៉ះជាមួយក្រុមនារីវិសាខា កាលសប្ដាហ៍ទី១២ កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៥។

ចំណាត់ថ្នាក់ក្រុមលីគនារី
- ទី១) ក្រុមនារីភ្នំពេញក្រោន ទទួលបានជើងឯក
- ទី២) ក្រុមនារីវិសាខា ទទួលបានចំណាត់ថ្នាក់លេខ២ (ជើងឯករង)
- ទី៣) ក្រុមនារីណាហ្គាវើលដ៍ ទទួលបានចំណាត់ថ្នាក់លេខ៣
ម្ចាស់ពានរង្វាន់ឯកត្តជនពានរង្វាន់លីគនារីកម្ពុជា ឆ្នាំ២០២៥
- ១) គ្រូបង្វឹកល្អជាងគេ បានទៅលើអ្នកគ្រូ ម៉ៅ សាវីន របស់ភ្នំពេញក្រោន
- ២) កីឡាការនីល្អជាងគេប្រចាំរដូវកាល បានទៅលើ សឿន វីផា របស់ភ្នំពេញក្រោន
- ៣) អ្នកចាំទីល្អជាងគេ បានទៅអ្នក ជា ហ្វារីយ៉ា របស់ភ្នំពេញក្រោន
- ៤) កីឡាការនីរកគ្រាប់បាល់ច្រើនជាងគេ បានទៅលើ សឿន វីផា របស់ភ្នំពេញក្រោន
- ៥) ក្រុមគោរពវិន័យល្អជាងគេ បានទៅលើសមាគមនកីឡាបាល់ទាត់ខេត្តសៀមរាប
ការឈ្នះជើងឯកលើកនេះ ក៏ជាលើកទី៣ផងដែរ របស់ក្រុមនារីភ្នំពេញក្រោន ដោយលើកទី១ កាលនៅរដូវកាលឆ្នាំ២០២១-២០២២ លើកទី២ ឆ្នាំ២០២៤-២០២៥ និងលើកទី៣នេះ នៅរដូវកាលឆ្នាំ២០២៥-២៦ បើទោះជានៅសល់ ២ប្រកួតទៀតក៏ដោយ។
សូមបញ្ជាក់ថា សម្រាប់ការរកឃើញម្ចាស់ជើងឯកលីគនារី រដូវកាលនេះ ដោយសារមានការកែប្រែរូបមន្តប្រកួតថ្មី ដោយក្រុមចូលរួមទាំង ៨ក្រុមធ្វើការប្រកួតចំនួន ២ជុំ ដើម្បីសន្សុំពិន្ទុ ក្រុមណាដែលមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ជើងឯកតែម្ដង។
ពានរង្វាន់លីគនារីកម្ពុជា Cambodian Women League 2025-26 គឺជាលើកទី៤ ហើយដោយលើកដំបូងធ្វើ ឡើងនៅឆ្នាំ២០២០-២០២១ ដោយម្ចាស់ជើងឯកគឺ ណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង (ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវលុបចោល ដោយសារការរីករាលដាលជំងឺកូវីដ) ខណ:នៅរដូវកាលឆ្នាំ២០២១-២០២២ ឆ្នាំ២០២៤-២០២៥ ម្ចាស់ជើងឯកគឺ ភ្នំពេញក្រោន។
ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) រដូវកាលឆ្នាំ២០២៥-២៦ បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៣១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក។
សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

