ភ្នំពេញ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះយោបល់​ថ្នាក់ជាតិ​លើ​សេចក្ដីព្រាងផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​អត្តសញ្ញាណ​កម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ Sun & Moon Riverside Hotel រាជធានីភ្នំពេញ។ សិក្ខាសាលានេះ ជាលើកទី២ បន្ទាប់ពីការរៀបចំ​លើកទី​១ កាលពីថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ ដែលទទួលបាន​ធាតុ​ចូល​និងមតិយោបល់​ដ៏មានសារសំខាន់​ជាច្រើន​សម្រាប់​ការ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ដំណាក់កាលទី​២។

សូមចុចអាន៖ សំឡេងសរសើរចេញពីមាត់ពលរដ្ឋ! បងប្អូនពលករមកពីថៃ ខំតែភ័យ ស្មានតែមន្ត្រីសួរនាំច្រើន ប៉ុន្តែពេលមកដល់ជាក់ស្ដែងផ្ទុយស្រឡះ!

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានថ្លែង​ថា សិក្ខាសាលានៅថ្ងៃនេះជា​លើកទី២ បន្ទាប់ពីការរៀបចំ​សិក្ខាលាលើកទី​១ កាលពីថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ នៅសណ្ឋាគារ​ហ៊ីម៉ាវារី ដែលទទួលបាន​ធាតុ​ចូល​និងមតិយោបល់​ដ៏មានសារសំខាន់​ជាច្រើន​ សម្រាប់បញ្ចូល​ក្នុង​សេចក្ដី​ព្រាង​ផែនការយុទ្ធសាស្រ្ត​ដំណាក់កាលទី​២ ឲ្យ​កាន់តែគ្រប់ជ្រុងជ្រោយ​ និងបន្ស៊ី​គ្នា​ជាមួយ​យុទ្ធសាស្រ្ត​តាមវិស័យ​ពាក់ព័ន្ធ​និមួយៗ ។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប​ នេត​ បាន​លើកឡើងថា ផែនការយុទ្ធសាស្រ្ត​ដំណាក់កាលទី​១ ជាផែនការ​ដ៏ល្អមួយ​ដែលជាផែន​ទី​តម្រង់​ទិស​ លើការងារ​អត្តសញ្ញាណកម្ម​ ដែលបាន​ដាក់ចេញកាលពី១០ឆ្នាំមុន​ ពីឆ្នាំ​២០១៧-២០២៦។ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​លើផែនការ​មេនេះ ដើម្បីឈាន​ទៅសម្រេច​ចក្ខុវិស័យ​ «មនុស្សគ្រប់រូប​ត្រូវបាន​កំណត់​អត្តសញ្ញាណ» និង «បុគ្គលម្នាក់មានអត្តសញ្ញាណ​តែមួយ»។ រយៈពេល​១០ឆ្នាំកន្លងមក​នេះ ផែនការ​យុទ្ធសាស្រ្តដំណាក់កាល​ទី​១ បានសម្រេចប្រមាណជា​៨០% លើការងារ​អត្តសញ្ញាណកម្ម​។​ ដូច្នេះ​សិក្ខាសាលាពិគ្រោះយបល់ថ្នាក់ជាតិ​នៅថ្ងៃនេះ បានរៀបចំ​ឡើង​ក្នុងគោលបំណង​សំខាន់ចំនួន​២គឺ

  • ទី១ បង្ហាញ​អំពីសមិទ្ធិផល​សំខាន់​ៗ ដែលសម្រេច​បាន​រយៈពេល​៩ឆ្នាំ​ក្នុង​ការ​អនុវត្ត​ ផែនការ​យុទ្ធសាស្រ្ត​ស្ដីពី​អត្តសញ្ញាណកម្ម​ (ដំណាក់កាលទី១) ២០១៧-២០២៦ ជូន​អង្គសិក្ខាសាលា​ ដើម្បីស្វែងយល់​អំពីវឌ្ឍនភាព​ជារួម​លើ​ការងារអត្តសញ្ញាណកម្ម។
  • ទី២. បង្ហាញ​អំពី​សេចក្ដីព្រាង​ ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្ដីពី​អត្តសញ្ញាណ​កម្ម​ (ដំណាក់កាលទី២) ២០២៦-២០៣៥ ជូន​អង្គសិក្ខាសាលា​ដើម្បីពិនិត្យ​ ផ្ដល់មតិ​យោបល់​ ឬធាតុ​ចូល​លើចំណុច​ពាក់ព័ន្ធ​នានា។

ផ្អែកតាមរបាយការណ៍​របស់អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បាន​ឲ្យ​ដឹងថា ផែនការយុទ្ធសាស្រ្ត​ជាតិ​ដំណាក់កាលទី​១ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ក្រសួងមហាផ្ទៃ សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ដូចជា៖

  • ការអនុម័ត​ និងការប្រកាស​ឱ្យ​ប្រើប្រាស់​ ច្បាប់ស្ដីពី​អត្រានុកូលដ្ឋាន​ ស្ថិតិ​អត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម ដែលជា​ជោគជ័យ​ដ៏ធំ​មួយ​ក្នុងការ​កែសលម្អ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ និងការលើកកម្ពស់​ការ​ផ្ដល់សេវា​សាធារណៈ។
  • សម្រេចបាន​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ ក្រោម​ច្បាប់​ចំនួន​១៧ ដើម្បីជំរុញ​ការអនុវត្ត​ច្បាប់​
  • បាន​អភិវឌ្ឍប្រព័ន្ធរួម​អត្តសញ្ញាណ​ប្រជាជន (IPIS) និងការ​រៀបចំ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ (ខ្នាតតូច) ដែលជាផ្នេក​មួយ​នៃការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី នៃប្រព័ន្ធ​រួម​អត្តសញ្ញាណ​ប្រជាជន។
  • បាន​អនុវត្ត​សាកល្បង​ «ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ តាមប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ តាមរយៈ​ប្រព័ន្ធ​ដំណឹង​ពីមូលដ្ឋាន​សុខាភិបាល​» នៅសង្កាត់​ចំនួន​៦ នៅខណ្ឌ​ពោធិ៍សែនជ័យ​ រាជ​ធានីភ្នំពេញ ដែលចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​លេខកូដ​សម្គាល់​អត្តសញ្ញាណ​បុគ្គល (UIC)
  • បាន​រៀប​ចំ​សាស្រ្ត​ប្រាស្រ័យ​ទាក់ទង​នៃការផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុងសង្គម​ ដើម្បីពង្រឹង​ដល់ការចុះបញ្ជី​ អត្រានុកូល​ដ្ឋាន​ (SBCC) និង​
  • បាន​សម្រួល​យន្ដការ​ផ្ដល់​សេវា​ឱ្យ​កាន់តែល្អជូនប្រជាពលរដ្ឋ​ (ដូចជា​សេវា​លិខិត​ឆ្លង​ដែន​អនឡាញ សេវា​ផ្ញើ​ឯកសារ​ដល់ផ្ទះ សេវា​កែតម្រូវ​ទិន្នន័យ​ សេវាផ្ទៀងផ្ទាត់​ ទិន្នន័យ​ (តាមរយៈ​យន្ដការ​ CamDX) សេវាអត្តសញ្ញាណកម្ម​ចល័ត​ជាដើម។

ក្នុងឱកាសសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះដែរ លោក Shakeel Ahmad អនុប្រធាន UNDP Cambodia បានផ្តួចផ្តើមថា ផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី២ គឺជាជំហានសំខាន់ ក្នុងការបង្កើតបែបបទរដ្ឋបាលសម័យថ្មីរបស់កម្ពុជា។ លោកបានលើកថា ចក្ខុវិស័យ “មនុស្សម្នាក់ មួយអត្តសញ្ញាណ” មិនមែនជាការកំណត់បច្ចេកទេសទេ ប៉ុន្តែជាមូលដ្ឋាន​សម្រាប់ភាព​រួមបញ្ចូល ការការពារ និងការចូលដល់សេវារដ្ឋយ៉ាងត្រឹមត្រូវ។

នៅក្នុងសិក្ខាសាលាខាងលើ​នេះដែរ លោកស្រី Stephanie Tan, នាយកប្រឹក្សាបច្ចេកទេសអង្គការ Vital Strategies, បានផ្ដល់ការគាំទ្រយ៉ាងច្បាស់ដល់ការអនុវត្ត ផែនការយុទ្ធសាស្រ្ត ដំណាក់កាលទី២ ដែលផ្តោតលើប្រព័ន្ធឌីជីថល សន្តិសុខទិន្នន័យ និងការចូលរួមសាធារណៈ។ អ្នកស្រីបានសង្កត់ធ្ងន់ថា ផែនការនេះមានសារៈសំខាន់ក្នុងការធានាឱ្យប្រជាជនកម្ពុជា អាចប្រើអត្តសញ្ញាណដែលទុកចិត្តបានសម្រាប់សេវាសាធារណៈ និងឯកជន និងជាដៃគូនាំមុខសម្រាប់ការអភិវឌ្ឍប្រព័ន្ធឌីជីថល និងសេវាសាធារណៈរបស់ប្រទេស។

សូមជម្រាបជូនថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បានផ្ដួចផ្ដើម​ការងារ​រៀបចំ​ផែនការ​យុទ្ធសាស្រ្ត​ដំណាក់កាលទី​២ តាំងពីខែមករា ឆ្នាំ​២០២៤។ នៅខែសីហា ឆ្នាំ​២០២៤ អង្គការ​ UNDP (យូអ៊ិនឌីភី) និងអង្គការ​ Vital Strategies (វីតាល់ ស្ត្រាទីជី) បាន​បញ្ជាក់​ជាផ្លូវការ​ក្នុងការ​គាំទ្រ​លើការងារ​នេះ។

ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី២) ២០២៦-២០៣៥ គឺជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំ និងជាសសរស្ដម្ភលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) និងអត្តសញ្ញាណឌីជីថល នៅកម្ពុជា។ ផែនការយុទ្ធសាស្ត្រដំណាក់កាលទី២នេះ នឹងបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ពីការអនុវត្ត ផែនការយុទ្ធសាស្ត្រដំណាក់កាលទី១ ព្រមទាំងដាក់ចេញនូវផែនការកែទម្រង់ ដោយបង្កើតនូវ “អត្តសញ្ញាណ​ស្របច្បាប់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងមនុស្សគ្រប់រូបដែលរស់នៅក្នុងប្រទេសកម្ពុជា” ព្រមទាំងការកសាងនូវអត្តសញ្ញាណឌីជីថលជាតិមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន សម្រាប់ ប្រជាពលរដ្ឋខ្មែរប្រើប្រាស់ក្នុងការទទួលសេវាសាធារណៈ និងសេវាឯកជន៕

Share.