ទណ្ឌិតជនជាតិចិន រួមទាំងមេក្លោងនៅពីក្រោយឧក្រិដ្ឋកម្មឆបោកនៅភូមា ត្រូវបានផ្ដល់នូវការរស់នៅក្នុងពន្ធនាគារប្រកបដោយប្រណិតភាពនៅប្រទេសថៃ ក្នុងនោះរួមមានទាំងការរៀបចំសេវាកម្មនាំនារីរកស៊ីផ្លូវភេទឱ្យទៅបម្រើសេវាកម្មដល់ខាងក្នុងបន្ទប់ឃុំឃាំងរបស់អ្នកទោសទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Chosun Daily នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងកាសែត The Nation កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗបានឱ្យដឹងថា រដ្ឋាភិបាលថៃ បានផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់មួយលើការចោទប្រកាន់ថា អ្នកទោសជនជាតិចិនមានលុយមួយចំនួន បានទទួលសិទ្ធិពិសេសនៅក្នុងពន្ធនាគារទីក្រុងបាងកក ច្រើនហួសហេតុពេក ទើបធ្វើឱ្យផ្ទុះរឿងអាស្រូវនេះឡើងរហូតឈានដល់ការស៊ើបអង្កេត។

ជាលទ្ធផលនៃការត្រួតពិនិត្យកាលពីថ្ងៃទី១៦ កន្លងទៅ រដ្ឋាភិបាលថៃបានរកឃើញទីតាំងក្រោមដីសម្ងាត់មួយកន្លែង នៅក្នុងពន្ធនាគារ ដែលស្ត្រីជនជាតិចិន ២នាក់ត្រូវបានគេជឿថាជាតារាម៉ូដែល ត្រូវបានចាប់ខ្លួនជាមួយអ្នកទោសជនជាតិចិន ២នាក់ទៀតនៅក្នុងពន្ធនាគារថៃ។

អាជ្ញាធរជឿថា ស្ត្រីទាំងនោះបានចូលទៅក្នុងពន្ធនាគារដោយក្លែងខ្លួនជាសាច់ញាតិរបស់អ្នកទោស ហើយបានបន្លំខ្លួនប្រកបរបររកស៊ីផ្លូវភេទជាមួយអ្នកទោសជនជាតិចិនណាដែលមានលទ្ធភាពខ្ពស់ក្នុងការចំណាយ។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញពីភ័ស្តុតាងមួយចំនួននៅក្នុងបន្ទប់សង្ងាត់ខាងលើដូចជា ស្រោមអនាម័យ, ខោអាវក្នុងស្ត្រី, ក្រដាសជូតមាត់មានស្នាមប្រឡាក់, ដានវត្ថុរាវនៅលើសាឡុង, ថ្នាំជក់ និងគ្រឿងស្រវឹង។

លើសពីនេះ គេបានរកឃើញថា ទណ្ឌិតទាំងអស់នោះ បានគប់គិតជាមួយមន្រ្តីក្នុងពន្ធនាគារ ដោយបានស៉ូកប៉ានប្រាក់ ដើម្បីជាថ្នូរនឹងការនាំយកអាហារឆ្ងាញ់ៗ បារីស៊ីហ្គាថ្លៃៗពីខាងក្រៅ ហើយថែមទាំងបានបង្កើតកន្លែងលេងល្បែងស៊ីសងក្នុងពន្ធនាគារផងដែរ។

រូបតំណាង

អំឡុងពេលនៃប្រតិបត្តិការនេះដែរ អ្នកទោសជនជាតិចិន បានចាយប្រាក់ជួលអ្នកទោសជនជាតិថៃ ដែលចេះនិយាយភាសាចិនឱ្យជួយបកប្រែ ដើម្បីឆ្លើយឆ្លងជាមួយមន្រ្តីពន្ធនាគារតាមតម្រូវការរបស់ពួកគេទៀតផង។

មែនទែនទៅរឿងអាស្រូវក្ដៅគគុកនេះ បានផ្ទុះឡើងរយៈពេលមួយសប្ដាហ៍ទៅហើយ លុះការស៊ើបអង្កេតបានច្រើនថ្ងៃពីសំណាក់អង្គភាពស៊ើបអង្កេតពិសេស, គណៈកម្មាធិការស្វែងរកការពិតរបស់នាយកដ្ឋានពន្ធនាគារ និងវិទ្យាស្ថានវិទ្យាសាស្ត្រកោសល្យវិច្ច័យ ក៏រកឃើញថា មានមន្រ្តីជាប់ពាក់ព័ន្ធដែលសមគំនិតគ្នាក្នុងករណីនេះរហូតដល់ទៅ ២០នាក់ ឬអាចច្រើនជាងនេះទៀត ហើយបានដកបញ្ឈរជើងមេគុកម្នាក់ផងដែរ៕

ប្រភព៖ The Chosun Daily

Share.