តាមរយៈការផ្សព្វផ្សាយនៅលើគេហទំព័រ news.naver.com ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា គេបានរកឃើញសាកសពបុរសម្នាក់ជាជនជាតិកូរ៉េ ត្រូវបានច្រកក្នុងការ៉ុងធំពណ៌ទឹកប៉ិចប្លុងចោលក្បែរអគារលំនៅឋានមួយកន្លែង ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ពីប៉ូលិសវៀតណាមបានបើកការស៊ើបអង្កេត។

បើតាមស្ថានអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហូជីមិញ និងប្រភពផ្សេងទៀតបានបញ្ជាក់នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា បុរសជនជាតិកូរ៉េម្នាក់នោះត្រូវបានរកឃើញសពនៅរសៀលថ្ងៃនេះ ដោយសារសន្តិសុខម្នាក់នៅអគារក្បែរៗនោះ និងអ្នកដំណើរតាមរកក្លិនអសោចភាយចេញពីការ៉ុងធំដែលបានច្រកវ៉ាលីដាក់សាកសព រួចក៏បានរាយការណ៍ទៅប៉ូលិសក្នុងតំបន់ភ្លាមៗ។
ប្រភពកន្លែងកើតហេតុបានប្រាប់ប៉ូលិសតំបន់ថា ពួកគេឃើញមានបុរសសង្ស័យ ២ នាក់ដែលមកសង្កេតហេតុការណ៍ក្បែរការ៉ុងនោះ បានជិះតាក់ស៊ីគេចខ្លួនភ្លាមៗ នៅពេលដែលអ្នកដំណើរចាប់ចោមរោមទីតាំងកើតហេតុ។ ប៉ូលិសក្នុងតំបន់បានបិទតំបន់ជុំវិញអគារ ហើយនាំសាកសពទៅធ្វើកោសល្យវិច្ច័យកំណត់អត្តសញ្ញាណ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថាសាកសពនោះគឺ ជាជនជាតិកូរ៉េ។ លើសពីនេះ ប៉ូលិសតំបន់កំពុងឃាត់ខ្លួន និងសាកសួរជនជាតិកូរ៉េ ២ នាក់ ដែលត្រូវបានគេសង្ស័យថាជាជនល្មើសទាក់ទងនឹងករណីនេះ។

ប៉ូលិសមូលដ្ឋានកំពុងព្យាយាមកំណត់ពេលវេលា និងមូលហេតុនៃការស្លាប់ ដោយផ្អែកលើស្ថានភាពនៃសាកសពជនជាតិកូរ៉េរូបនេះ ដែលមានសភាព រលួយបន្តិច។ មន្ត្រីស្ថានអគ្គកុងស៊ុលកូរ៉េប្រចាំទីក្រុងហូជីមិញបាននិយាយថា៖ «យើងបានទទួលការទាក់ទងពីប៉ូលិសមូលដ្ឋានថា ជនរងគ្រោះគឺជាជនជាតិកូរ៉េ» ហើយ «យើងនឹងទាក់ទងទៅក្រុមគ្រួសាររបស់សព ដើម្បីផ្តល់ជំនួយកុងស៊ុល»៕

