កំពង់ធំ៖ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋដូច្នេះ
នៅក្នុងទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ទម្លាប់ស្អាត គ្រួសារស្អាត និងបរិស្ថានល្អ ” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត នៅលើសួនច្បារដងស្ទឹងសែន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ជា វ៉ាន់ចាន់ បន្តថា ពិធីនេះត្រូវបានប្រារព្ធធ្វើ ក្នុងគោលបំណង ដើម្បីលើកកំពស់ ការយល់ដឹង និងការស្រទ្បាញ់បរិស្ថាន ជាពិសេសជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញជាបន្តបន្ទាប់ ដោយផ្តោត សំខាន់ទៅលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាពិសេស បានបំផុសមហាជននៅគ្រប់មជ្ឈដ្ឋាន និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តផ្លាស់ប្តូរទស្សនៈ ពីការគិតអវិជ្ជមាន ទៅវិជ្ជមាន ពីទ្រឹស្តី ទៅការអនុវត្តជាក់ស្តែង ចូលរួមសម្អាតថែរក្សាអនាម័យ បរិស្ថាន និងជាសារអប់រំមួយសម្រាប់សាធារណៈជនគ្រប់ទិសទី ឱ្យបានយល់ដឹងផងដែរ។

ឯកឧត្តម បានជំរុញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ វត្ថុប្រើប្រាស់ដែលផលិតដោយ ប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់ឱ្យបានត្រឹមត្រូវសំណល់ទាំងនោះក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយឯកឧត្តម បានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទំាងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាកសុកភាពល្អ។ ក្រៅពីនេះ បរិស្ថានស្អាត ភាពបៃតង ក៏បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនផងដែរ តាមរយះការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសខេត្តកំពង់ធំ មានរមណីយដ្ឋានទេចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន រួមមាន រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក រមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្រ្តភ្នំសន្ទុក និងតំបន់ទេសចរណ៍ធម្មជាតិ និងកែឆ្នៃជាច្រើនទៀត។

អត្ថបទ៖ កំពង់ធំ

